ព័ត៌មានជាតិ

ជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ​ ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជា​ នូវបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ

image

បន្ទាយមានជ័យ៖​ ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា​ លោក Matsuda Junsaku បានឱ្យដឹងថា​ រាជរដ្ឋាភិបាលជប៉ុន​នឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញកម្ពុជា និងថៃអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង។

ការលេីកឡេីងដូចនេះដោយ​ លោកMatsuda Junsaku ក្នុងពេលចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ​ ជាមួយនឹងដំណើរទស្សនកិច្ចទាក់ទងនឹងស្ថានការណ៍ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយបណ្ដាអង្គទូត និងទីភ្នាក់ងារអន្តរជាតិនានាប្រចាំនៅកម្ពុជាជាច្រើនទៀត​ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកទីប្រឹក្សាអមស្ថានទូតជប៉ុន​ បានបញ្ជាក់យ៉ាងដូច្នេះថា៖​«រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា រួមមានសហរដ្ឋអាម៉េរិក បណ្តាប្រទេសអាស៊ាន ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»។

សូមបញ្ជាក់ថា​ បណ្តាអង្គទូតសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា សិង្ហបុរី ម៉ាឡេស៊ី រុស្សី ជប៉ុន អាល្លឺម៉ង់ ឥណ្ឌា ជាដើម និងអង្គការអន្តរជាតិ ចំនួន២ទៀតគឺ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ជាទីដែលយោធាថៃ បានឃាំងទូរកុងតឺន័រ និងរាយលួសបន្លា ព័ទ្ធយកដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជានេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕