ព័ត៌មានជាតិ

អង់គ្លេស អំពាវនាវឱ្យកម្ពុជា-ថៃ​ បន្តដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឡើងវិញ

image

បន្ទាយមានជ័យ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា លោក ដូមីនីក វិលលៀមស៍ (Dominic Williams) បានលើកឡើងថា ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរឡើងវិញ។

ការអំពាវនាវដោយឯកអគ្គរាជទូតចក្រភពអង់គ្លេស​ ដូចនេះធ្វើឡើងតាមបណ្តាញសង្គមផ្លូវការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ បន្ទាប់ពីលោក​ រួមនឹងបណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពនៅតាមព្រំដែន ដែលយោធាថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះសម្បែងពលរដ្ឋកម្ពុជា។ លោកក៏បានមើលឃើញពីទិដ្ឋភាពពលរដ្ឋខ្មែរស្លូតត្រង់ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹក ក្រោមតង់កៅស៊ូ ក្នុងវត្តចាន់សី និងវត្តកណ្តោល ស្ថិតក្នុងខេត្តបន្ទាយមានជ័យ​ ដោយផ្ទាល់។

លោក ដូមីនីក វិលលៀមស៍ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យ ជាមួយក្រុមអង្គទូត និងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំមកកាន់ខេត្តបន្ទាយមានជ័យ ក្នុងខែកុម្ភៈនេះ។​ យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួន និងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញដែលរងផលប៉ះពាល់»។

បេីតាមចក្រភពអង់គ្លេស​ ការបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ៕