ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត​ បន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្រោយដោះស្រាយបញ្ចប់បានជាង ៣ពាន់ករណីកន្លងមក

image

កំពត៖ បន្ទាប់ពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋតាមបណ្ដាក្រុង-ស្រុក នៅទូទាំងខេត្តបានប្រមាណជាង ៣ពាន់ករណីកន្លងមក ការដោះស្រាយត្រូវបានផ្អាកមួយរយៈដោយការសះជារបស់ពលរដ្ឋ។ ដោយមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋដើម្បីឱ្យលោកអភិបាលខេត្តជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោកអភិបាលខេត្តក៏បានបន្តការដោះស្រាយជូនពលរដ្ឋដែលកំពុងជួបបញ្ហាជាបន្តទៀត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលវេទិការនេះធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។​ ក្នុងដំណើរការនៃការដោះស្រាយវិវាទនេះ លោកអភិបាលខេត្តកំពតបានគូសបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួល និងដោះស្រាយវិវាទទាំងអស់ លោកមិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តគឺជាគ្រួសារតែមួយដែលមានរូបលោកជាសមាជិកម្នាក់ ហើយលោកចង់ឱ្យសមាជិកនៃគ្រួសារដ៏ធំមួយនេះ រក្សាបាននូវភាពថ្លៃថ្នូរជាមនុស្ស បើអត់ត្រូវសុំ បើខ្ចីគេត្រូវសងគេវិញ បើយកដីគេត្រូវឱ្យម្ចាស់គេវិញ កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬមានគំនំគុំគួនគ្នា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមជាឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។ លោកអភិបាលខេត្តបានបន្តថា លោកមិនខ្ជិលក្នុងការដោះស្រាយវិវាទនោះទេ ប៉ុន្តែក៏មិនសប្បាយចិត្តដែរនៅពេលឃើញមានប្រជាពលរដ្ឋឈ្លោះគ្នា ហើយកុំដោយសារតែអាហារ ៣ពេល បែរជាភ្លេចតម្លៃ និងគុណធម៌ ជាបងជាប្អូន ជាប្រពន្ធជាកូន ជាឪពុកជាម្តាយ និងជាគ្រួសារតែមួយអោយសោះ ព្រោះនេះមិនមែនជាវប្បធម៌ ប្រពៃណី របស់ជនជាតិខ្មែរយើងទេ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានរម្លឹកដែរថា ប្រមុខរាជរដ្ឋាភិបាលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតជាថ្នូរដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ហើយថែមទាំងបានចែកកម្មសិទ្ធិដីធ្លីជូនពលរដ្ឋកាន់កាប់ និងប្រើប្រាស់ ដើម្បីលើកកម្ពស់ជីវភាពគ្រប់ក្រុមគ្រួសារឱ្យកាន់តែល្អប្រសើរ ចុះហេតុអ្វី យើងរស់រានមានបានប៉ុណ្ណេះហើយ នៅមានគំនិតលោភលន់ បៀតបៀន និងឈ្លោះប្រកែកគ្នាទៀត។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត គឺបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋបានចំនួន ៣.២៥៣ករណី​ ប្រកបដោយជោគជ័យរួចមកហើយ។ ដោយភាពប៉ិនប្រសប់ក្នុងការដឹកនាំសម្របសម្រួលដោះស្រាយបញ្ហារបស់លោកអភិបាលខេត្ត ក៏បានក្លាយជាគំរូមួយសម្រាប់អាជ្ញាធរតាមបណ្ដាក្រុង-ស្រុក យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន​ ដែលបានធ្វើឱ្យករណីវិវាទមានការថយចុះជាបន្តបន្ទាប់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ សុទ្ធសឹងតែជាការវិវាទដីធ្លីក្នុងគ្រួសាររវាង ឪពុកនិងកូន បងនិងប្អូន ហើយត្រូវបានដោះស្រាយបញ្ចប់កដោយភាពយុត្តិធម៌៕

អត្ថបទ៖ វង្ស សុធារម្យ