ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាប្រមាណ ១,៨លានរៀលជូនគ្រួសារក្រីក្រគោលដៅនីមួយៗ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ និងស្រុករវៀង ខេត្តព្រះវិហារ

image

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥ ដោយចាប់ផ្តើមអនុវត្តមុនគេក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និងស្រុករវៀង នៃខេត្តព្រះវិហារ លើគ្រួសារគោលដៅចំនួន ៥ ០០០ គ្រួសារដែលជាគ្រួសារក្រីក្រមានបណ្ណសមធម៌។

ការដាក់ចេញនូវកម្មវិធីនេះជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់», និងឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំង កសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នោះគឺ «ការបង្រៀនពលរដ្ឋស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់» ។

លោក ចន ណារិទ្ធ បានបន្តថា កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រនេះផ្តល់ជូនគ្រួសារគោលដៅ នូវថវិកាសរុបប្រមាណជិត ១,៨លានរៀលបន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាលផ្តល់ជូនពួកគាត់តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

សូមបញ្ជាក់​ថា តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ខែ រួមមាន ទី១. ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ទី២. ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ទី៣. ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និង ទី៤. ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។ កម្មវិធីនេះនឹងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺនគ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ឆ្នាំ ពោលគឺ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦៕