កម្ពុជា និងប្រេស៊ីល ពិភាក្សាលើលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការលើកកម្ពស់ការគ្របដណ្តប់សុខភាពសាកល តាមរយៈការចែករំលែកបទពិសោធ ទាំងបច្ចេកទេស និងឯកសារគោលនយោបាយ ការសិក្សាស្រាវជ្រាវលើជំងឺឆ្លង ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងឧបករណ៍បរិក្ខារពេទ្យ។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ភាគីប្រេស៊ីល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងបន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យលេចចេញជារូបរាង ស្របតាមអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកស្រី អគ្គរដ្ឋទូត និងសហការី ដែលខិតខំស្វែងរកយន្តការដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះ កិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងសុខភាពសាធារណៈ នៅកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ