អ្នកនាំពាក្យក្រសួងការងារ បង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបដិការរបស់អាមេរិក ១០% ដែលជាសញ្ញាល្អ ក្នុងការបង្កើតឱកាសការងារក្នុងស្រុក ជាពិសេសអតីតពលករ
អ្នកនាំពាក្យក្រសួងការងារ បង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបដិការរបស់អាមេរិក ១០% ដែលជាសញ្ញាល្អ ក្នុងការបង្កើតឱកាសការងារក្នុងស្រុក ជាពិសេសអតីតពលករ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបដិការជាសកលរបស់សហរដ្ឋអាមេរិកមកត្រឹម ១០ភាគរយ ដោយលោកបានចាត់ទុកថា វាជាសញ្ញាល្អសម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលនឹងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ពលរដ្ឋកម្ពុជា។
ការលើកឡើងនេះ ក្រោយពីតុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសាលក្រមសម្រេចលុបចោលពន្ធគយសកលជាឯកតោភាគីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្មានម៉ោង បន្ទាប់ពីការចេញសាលក្រមរបស់តុលាការកំពូលអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រកាសពីការយកពន្ធគយសកលថ្មីមួយ ១០ភាគរយលើទំនិញនាំចូលពីបណ្ដាប្រទេសទាំងអស់នៅជុំវិញពិភពលោក ដែលមានរយៈពេល ១៥០ថ្ងៃ។
លោក ស៊ុន មេសា បានថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រសិនបើគ្មានអ្វីប្រែប្រួលនាថ្ងៃខាងមុខនេះទេ វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា នឹងវិវត្តកាន់តែល្អប្រសើរថែមទៀត ជាពិសេសបង្កើតឱកាសនៃការទាក់ទាញគម្រោងវិនិយោគបរទេសថ្មីៗទាក់ទងវិស័យវាយនភណ្ឌកាត់ដេរ ដើម្បីផ្គត់ផ្គង់ការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋខ្មែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ពន្ធគយថ្មីមួយ ១០ភាគរយរបស់សហរដ្ឋអាមេរិក នឹងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងទៀតសម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងមានសង្ឃឹមច្រើនចំពោះការរីកចម្រើននូវវិស័យវាយនភណ្ឌកាត់ដេររបស់យើង គឺនឹងមានស្ថេរភាពល្អ មានគម្រោងថ្មីៗ មានក្រុមហ៊ុនបរទេសថ្មីៗមកថែមទៀត»។
ទន្ទឹមនឹងឱកាសមកដល់ លោក ស៊ុន មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរគ្រប់រូបខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សារៀនសូត្រជំនាញពាក់ព័ន្ធ និងស្វែងយល់ពីបច្ចេកវិទ្យាដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដើម្បីត្រៀនខ្លួនឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕