ព័ត៌មានអន្តរជាតិ

ចិនជំរុញឱ្យអាម៉េរិកលុបចោលការដាក់ពន្ធដោយឯកតោភាគី ក្រោយតុលាការកំពូលចេញសាលក្រម

image

ចិន៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហរដ្ឋអាម៉េរិក លុបចោលនូវរាល់វិធានការដាក់ពន្ធដោយឯកតោភាគី ដែលប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីតុលាការកំពូលអាម៉េរិកបានសម្រេចទាត់ចោលវិធានការភាគច្រើនរបស់លោក ។
កាលពីថ្ងៃសុក្រ តុលាការបានសម្រេចក្នុងសំឡេង ៦ ទល់នឹង ៣ ថា លោក ត្រាំ គ្មានអំណាចនោះទេនៅក្នុងការដាក់ពន្ធក្រោមច្បាប់ឆ្នាំ ១៩៧៧ ដែលលោកបានយកមកប្រើប្រាស់ ដើម្បីដាក់ពន្ធភ្លាមៗលើប្រទេសផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកល ។


លោក ត្រាំ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងបានប្រកាសដាក់ពន្ធថ្មី ១០% លើទំនិញនាំចូលសកលដោយផ្អែកលើច្បាប់ផ្សេងវិញ រួចក៏បានដំឡើងវាដល់ ១៥% កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជុំវិញរឿងនេះ ក្រសួងពាណិជ្ជកម្មចិន បញ្ជាក់ថា ខ្លួនកំពុងធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះឥទ្ធិពលនៃសាលក្រមនេះ និងបានហៅការធ្វើពាណិជ្ជកម្មបែបការពារនិយមថា គ្មានផ្លូវចេញ និង គ្មានអ្នកឈ្នះ ឡើយ ។


ពន្ធសកល ១៥% ថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃអង្គារនេះ ហើយត្រូវគេរំពឹងថានឹងមានរយៈពេល ១៥០ ថ្ងៃ។ ចិនក៏បានព្រមានដែរថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះគម្រោងផ្សេងទៀតរបស់អាម៉េរិក ដូចជាការបើកការស៊ើបអង្កេតពាណិជ្ជកម្ម ដើម្បីរក្សាការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មដដែល។ ការព្រមានរបស់ចិននេះ កើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលលោក ត្រាំ គ្រោងធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសចិនក្នុងអាណត្តិទីពីររបស់លោក ។
ទោះជាយ៉ាងណាក្ដី តំណាងពាណិជ្ជកម្មអាម៉េរិក លោក ចាស្ម៊ីសុន ហ្គ្រៀ (Jamieson Greer) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន សហភាពអឺរ៉ុប និងដៃគូផ្សេងទៀត នៅតែមានប្រសិទ្ធភាពដដែល ទោះបីជាមានសាលក្រមតុលាការក៏ដោយ ។


ដោយឡែក ចំពោះបញ្ហាឧស្សាហកម្មបន្ទះឈីបឯណោះវិញ អាម៉េរិកបានគំរាមដាក់ពន្ធចាប់ពីខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ដែលចិនបានចោទប្រកាន់ថា សកម្មភាពនោះគឺជាការប្រើប្រាស់អំណាចពន្ធ ដើម្បីបង្ក្រាបឧស្សាហកម្មរបស់ចិនដោយភាពអយុត្តិធម៌ ៕


ប្រែសម្រួល៖ ឡេង លាងហេង


ប្រភព៖ AFP via CNA | រូបភាព៖ Tingshu Wang/File Photo via REUTERS/ AP/ Courtesy of Reuters Yonhap News