ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

image

អ៊ីស្រាអ៊ែល៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងយ៉េរ៉ូសាឡឹម កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃពុធខាងមុខនេះ។ ក្នុងឱកាសនោះ គេរំពឹងថា លោកម៉ូឌី នឹងថ្លែងសុន្ទរកថានៅចំពោះមុខសភាអ៊ីស្រាអ៊ែល ដើម្បីបង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ។


លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានលើកឡើងជាបន្តថា លោក និងលោកម៉ូឌី (Modi) គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាបំផុត ដែលតែងតែប្រឹក្សាយោបល់គ្នាជាប្រចាំ។ លោកចាត់ទុកឥណ្ឌា ថាជាមហាអំណាចពិភពលោកមួយ ដែលមានទំនាក់ទំនងពិសេសជាមួយអ៊ីស្រាអ៊ែលក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ។


ក្រៅពីទំនាក់ទំនងទ្វេភាគី លោក ណេតាន់យ៉ាហ៊ូ (Netanyahu) ក៏បានបង្ហាញពីផែនការបង្កើតសម្ព័ន្ធភាពដ៏ធំមួយដែលមានការចូលរួមពីឥណ្ឌា បណ្តាប្រទេសអារ៉ាប់ អាហ្វ្រិក និងអាស៊ី ដើម្បីរួមគ្នាប្រឆាំងនឹងក្រុមជ្រុលនិយមនានាក្នុងតំបន់។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើន និងជួយពង្រឹងសន្តិសុខឱ្យកាន់តែរឹងមាំ ។


គួររំឭកដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទីពីររបស់មេដឹកនាំឥណ្ឌារូបនេះទៅកាន់ប្រទេសអ៊ីស្រាអ៊ែល។ កាលពីឆ្នាំ២០១៧ លោកម៉ូឌី (Modi) បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេបង្អស់ដែលបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអ៊ីស្រាអ៊ែល ៕


ប្រែសម្រួល៖ ឡេង លាងហេង


ប្រភព៖ VIORY | រូបភាព៖ VIORY/ [X/@netanyahu]