ព័ត៌មានជាតិ

ភ្នំពេញបានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សម្គាល់​ ក្រោយកែទម្រង់លើការគ្រប់គ្រង ការដឹកជញ្ជូនសំរាម

image

ភ្នំពេញ៖ ក្រោយពីមានការកែទម្រង់លើការគ្រប់គ្រង ការដឹកជញ្ជូនសំរាម ឃើញថានៅរាជធានីភ្នំពេញបានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សម្គាល់ ដោយពីមុនការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ​ ៣០០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ បរិមាណសម្រាមបានកើនឡើងរហូតទៅដល់ ៤១០០តោនក្នុងមួយថ្ងៃ។ ទោះបីកើនឡើងបែបនេះក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមដូចមុនទៀតទេ។​ នេះបើតាមការលើកឡើងរបស់លោក​ ហួត ហៃ អភិបារងរាជធានីខណៈ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦​ នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ។


លោក​ ហួត ហៃ បានឱ្យដឹងទៀតថា​ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងសម្អាតរាជធានីភ្នំពេញឲ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញមានអនាម័យបរិស្ថានល្អប្រើសើរមួយកំរិតហើយក្តី។ កម្មវិធីនេះដែរក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឲ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។ មានប្រជាពលរដ្ឋមួយចំនួនហូបនៅទីណាពួកគាត់ទុកសំរាមចោលនៅទីនោះ បើទោះបីយើងបានដាក់ធុងសំរាមរាប់រយធុងនៅជិតពួកគាត់ក៏ដោយ។


លោក​ ហួត ហៃ បានបន្ថែមថា​ ពិធីនេះដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានចូលរួមក្នុងការទុកដាក់ ការបញ្ចេញសម្រាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោងពេល ធ្វើយ៉ាងណាភ្នំពេញមានអនាម័យល្អ សមជារាជធានីដែលជាបេះដូងនៃព្រះរាជា
ណាចក្រកម្ពុជា។


លោក​ ហួត ហៃ ក៏បានបញ្ជាក់ផងដែរថា ដើម្បីឲ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែទម្រង់ជាច្រើនរហូតមានការកែទម្រង់ពីក្រុមហ៊ុនដឹកសំរាមតែមួយ ដាច់មុខមកជាការប្រមូលសម្រាមដោយមានការប្រកួតប្រជែងគ្នារហូត ៣ក្រុមហ៊ុន។ ពីមុននៃការកែទម្រង់ ការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ ការប្រមូលសំរាមបានត្រឹមតែ​ ៣០០០តោន​ ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះគឺបរិមាណសម្រាមបានកើនឡើងរហូតទៅដល់ ៤១០០តោន​ក្នុងមួយថ្ងៃក៏ប៉ុន្តែមិនបានធ្វើឱ្យរាជធានីភ្នំពេញមានការកកស្ទះនិងមានគំនរសំរាមដូចមុនទៀតនោះទេ៕