ព័ត៌មានជាតិ

កម្ពុជាបណ្ដេញចេញជនបរទេស ៣៧២នាក់ទៀត ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

image

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍បន្តធ្វើការបណ្តេញជន បរទេស ៣៧២នាក់ (ស្រី ៥៤នាក់) មាន ១៨សញ្ជាតិ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេតូ្យពី ហ្គាណា យ៉ូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បួង និងចិនតៃវ៉ាន់ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅកម្ពុជា។


ការបណ្ដេញចេញជនជាតិបរទេសដ៏ច្រើននេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ៕