ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលចម្រុះថ្មីរបស់ថៃ ត្រូវបានបង្កើតឡើងជាស្ថាពរ ក្រោមការដឹកនាំរបស់ អានុទីន ទោះមានភាពចម្រូងចម្រាសជុំវិញលទ្ធផលឆ្នោត

image



ថៃឡង់ដ៍៖ ការបង្កើតរដ្ឋាភិបាលចម្រុះថ្មីរបស់ថៃ ដែលដឹកនាំដោយ អានុទីន ឆានវីរៈកុល (Anutin Charnvirakul) ត្រូវបានសម្រេចជាស្ថាពរហើយ ជាមួយនឹងសំឡេងសរុប ៣០០ អាសនៈក្នុងសភា។ នេះបើតាមការចុះផ្សាយរបស់ Khaosod English នៅថ្ងៃទី២១ ខែកុម្ភៈ ដោយយោងតាមរបាយការណ៍កាលពីថ្ងៃសុក្រ ។

រដ្ឋាភិបាលថ្មីនេះ មានបក្សភូមិចៃថៃ (Bhumjaithai) ជាស្នូលដែលមាន ១៩៣ អាសនៈ រួមជាមួយបក្សភឿថៃ (Pheu Thai) ៧៤ អាសនៈ និងបក្សតូចៗផ្សេងទៀតចំនួន ១២ បក្ស (ដូចជា បក្សសេដ្ឋកិច្ចថៃ, បក្សកម្លាំងប្រជារដ្ឋ, បក្សថៃសាងថៃ ជាដើម) ដែលសរុបមាន ៣៣ អាសនៈ ។

ដោយឡែក ប្លុកបក្សប្រឆាំងក្នុងសភានឹងមាន ២០០ អាសនៈ រួមមាន បក្សប្រជាជន (People’s Party) ចំនួន ១១៨ អាសនៈ, បក្សក្លាថាំ (Kla Tham) ៥៨ អាសនៈ, បក្សប្រជាធិបតេយ្យ ២២ អាសនៈ និងបក្សរួមកម្លាំងជាតិថៃ ២ អាសនៈ ។

ប្រភពព័ត៌មានដដែលនេះ ឱ្យដឹងដែរថា ការកំណត់ត្រឹម ៣០០ អាសនៈនេះ គឺដើម្បីធានាបាននូវស្ថិរភាពរដ្ឋាភិបាលផង និងដើម្បីរក្សារចនាសម្ព័ន្ធរដ្ឋបាលឱ្យមានភាពរហ័សរហួនផង។ ការមិនទទួលយកបក្សចូលរួមច្រើនពេក មានន័យថា ដើម្បីជួយសម្រួលឱ្យបក្សស្នូល (ភូមិចៃថៃ) រក្សាកៅអីរដ្ឋមន្ត្រីសំខាន់ៗទុកឱ្យកូនចៅខ្លួនឯង ។

អ្វីដែលប្លែកនោះ គឺមានកៅអីគណៈរដ្ឋមន្ត្រីចំនួន ៥ ត្រូវបានបម្រុងទុកសម្រាប់បុគ្គលដែលមិនមែនជាតំណាងរាស្ត្រ៖
១. លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។
២. លោកស្រី ស៊ូផាជី ស៊ុធុម្ពុន (Suphajee Suthumpun) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាណិជ្ជកម្ម។
៣. លោក អេកនីទិ និទិថាន់ប្រាប៉ះ (Ekniti Nitithanprapas) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ។
៤. លោក បវរសក្តិ ឧវណ្ណោ (Bowornsak Uwanno) ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការច្បាប់។
៥. លោក ព្រីឌី ដាវឆៃ (Predee Daochai) រំពឹងថានឹងកាន់តំណែងជារដ្ឋមន្ត្រីថាមពល។

សម្រាប់បក្សភឿថៃ នឹងគ្រប់គ្រងក្រសួងចំនួន ៥ រួមមាន៖
១. ក្រសួងកសិកម្ម និងសហករណ៍
២. ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍
៣. ក្រសួងអប់រំ
៤. ក្រសួងការងារ
៥. ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស។

ចំណែកលោក យុឌឆាណាន់ វង្សសាវ៉ាត់ (Yodchanan Wongsawat) ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ មិនទាន់ដឹងច្បាស់ថានឹងទទួលតំណែងក្នុងរដ្ឋាភិបាលឬយ៉ាងណានៅឡើយទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ The Standard/ The Nation Thailand