តុលាការកំពូលសហរដ្ឋអាម៉េរិក លុបចោលពន្ធគយសកលរបស់ប្រធានាធិបតី Trump ប៉ុន្តែលោកប្រកាសដាក់ពន្ធថ្មី ១០%
វ៉ាស៊ីនតោន៖ តុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធគយដ៏ទូលំទូលាយ ដែលប្រធានាធិបតី Donald Trump បានអនុវត្តក្រោមច្បាប់ដែលមានបំណងប្រើប្រាស់សម្រាប់ស្ថានភាពអាសន្នជាតិ។ សេចក្តីសម្រេចដ៏សំខាន់នេះ ដែលប្រកាសកាលពីថ្ងៃសុក្រ បានក្លាយជាការបរាជ័យដ៏ធ្ងន់ធ្ងរមួយសម្រាប់លោក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីសម្រេចដោយសំឡេង ៦ ទល់នឹង ៣ ដោយតុលាការបានប្រកាសថា លោក Trump មិនមានសិទ្ធិអំណាចផ្នែកច្បាប់ក្នុងការប្រើប្រាស់ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឆ្នាំ១៩៧៧ (IEEPA) ដើម្បីដាក់ពន្ធគយលើទំនិញនាំចូលនោះទេ។
ប្រធានចៅក្រម John Roberts បានសរសេរថា ច្បាប់នេះអនុញ្ញាតឱ្យប្រធានាធិបតីគ្រប់គ្រងការនាំចូលក្នុងអំឡុងពេលមានអាសន្ន ប៉ុន្តែវាមិនផ្តល់អំណាចក្នុងការបង្កើតពន្ធគយទេ។ យោងតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក មានតែសភាទេដែលមានសិទ្ធិអំណាចក្នុងការដាក់ពន្ធ និងពន្ធគយ មិនមែនប្រធានាធិបតីទេ។
លោក Trump បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយហៅវាថា «គួរឱ្យខ្លាច» និង «មានបញ្ហាទាំងស្រុង»។ លោកបាននិយាយថា លោកមានការខ្មាស់អៀនចំពោះចៅក្រមមួយចំនួន ហើយបានអះអាងថាប្រទេសបរទេសកំពុងអបអរសាទរសេចក្តីសម្រេចនេះ។
លោកប្រធានាធិបតីបានលើកឡើងថា៖ «ប្រទេសបរទេសដែលបានបោកប្រាស់យើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ មានការរំភើបរីករាយយ៉ាងខ្លាំង។ ពួកគេសប្បាយចិត្តណាស់ ហើយពួកគេកំពុងរាំតាមដងផ្លូវ ប៉ុន្តែពួកគេនឹងមិនរាំយូរទេ ខ្ញុំអាចធានាចំពោះអ្នក»។
ទោះជាយ៉ាងណាក៏ដោយ លោក Trump បាននិយាយថា លោកមានជម្រើសផ្នែកច្បាប់ផ្សេងទៀតដើម្បីបន្តដាក់ពន្ធគយ។ ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចនេះ លោកបានប្រកាសពន្ធគយសកលថ្មី ១០% ដោយប្រើសិទ្ធិអំណាចផ្នែកច្បាប់ផ្សេង។ ពន្ធគយ ១០%នេះ នឹងត្រូវបានបន្ថែមពីលើពន្ធគយដែលមានស្រាប់។
ពន្ធគយគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោក Trump។ ក្នុងអំឡុងអាណត្តិទីពីររបស់លោកដែលចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២៥ លោកបានដំឡើងពន្ធគយ ដែលនាំឱ្យមានភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត,ការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
លោក Trump អះអាងថា ពន្ធគយការពារសន្តិសុខសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ អ្នករិះគន់និយាយថា ពួកគេធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងបង្កើនការចំណាយសម្រាប់អ្នកប្រើប្រាស់។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធបង្ហាញថា ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រមូលប្រាក់ពន្ធនាំចូលលើសពី ១៣៣ពាន់លានដុល្លារអាម៉េរិក ដែលប្រធានាធិបតីបានដាក់អនុវត្តក្រោមច្បាប់អំណាចបន្ទាន់ គិតត្រឹមខែធ្នូកន្លងទៅ។ ខណៈដែលផលប៉ះពាល់សរុបក្នុងរយៈពេល ១០ឆ្នាំខាងមុខ ត្រូវបានប៉ាន់ប្រមាណថា អាចឈានដល់ប្រមាណ ៣ទ្រីលានដុល្លារអាម៉េរិក។
វាមិនច្បាស់ទេថាតើរដ្ឋាភិបាលនឹងសងប្រាក់ពន្ធដែលប្រមូលបានរួចហើយឬអត់។ ប៉ុន្តែលោក Trump បាននិយាយថា ករណីសងប្រាក់វិញអាចចំណាយពេលច្រើនឆ្នាំ ដើម្បីដោះស្រាយនៅក្នុងតុលាការ។
ក្រុមអាជីវកម្មមានការព្រួយបារម្ភថា នឹងមានភាពមិនប្រាកដប្រជាកាន់តែច្រើន ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីដាក់ពន្ធ៕