លោក ហ្សេលែនស្គី វាយតម្លៃថា លទ្ធផលចរចានៅទីក្រុងហ្សឺណែវមិនទាន់គ្រប់គ្រាន់ ខណៈការចរចាផ្នែកយោធាមានវឌ្ឍនភាពខ្លះហើយ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី បានវាយតម្លៃលទ្ធផលនៃការចរចានៅទីក្រុងហ្សឺណែវថា «នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ» បើទោះបីជាកិច្ចពិភាក្សាផ្នែកយោធាទទួលបានវឌ្ឍនភាពខ្លះក៏ដោយ។ បញ្ហានយោបាយដែលរសើប និងការសម្របសម្រួលសម្រាប់ជំនួបរវាងមេដឹកនាំកំពូលៗ នៅតែជាចំណុចស្មុគស្មាញដែលមិនទាន់អាចដោះស្រាយចេញនៅឡើយ ។
លោក ហ្សេលែនស្គី បានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវតែដើរតួជាអ្នកចូលរួមដ៏សំខាន់ក្នុងដំណើរការសន្តិភាពនេះ ដោយលោកបានអរគុណសហរដ្ឋអាម៉េរិកដែលបានគាំទ្រជំហរនេះ។ ប្រទេសមហាអំណាចនៅអឺរ៉ុប ដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ ត្រូវបានចាត់ទុកថាជាភាគីមិនអាចខ្វះបាន ដើម្បីធានាឱ្យមានស្ថិរភាពក្នុងកិច្ចព្រមព្រៀង ។
អាទិភាពចម្បងមួយទៀតរបស់អ៊ុយក្រែនក្នុងការចរចា គឺកិច្ចការងារមនុស្សធម៌ ជាពិសេសគឺការជំរុញឱ្យមានការដោះដូរឈ្លើយសឹកសង្គ្រាម និងការដោះលែងជនស៊ីវិលដែលជាប់ឃុំខ្លួន។ ជាមួយគ្នានេះ លោកក៏បានរិះគន់យ៉ាងខ្លាំងដល់មេដឹកនាំបេឡារុស្សថា បានលក់អធិបតេយ្យភាពជាតិដើម្បីជួយសម្រួលដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី ។
ការចរចាជុំទី៣ នេះបានគ្របដណ្តប់លើប្រធានបទធំៗជាច្រើន រួមទាំងបញ្ហានៅតាមដែនដីជម្លោះផងដែរ ដោយមានការចូលរួមពីតំណាងកម្រិតខ្ពស់នៃប្រទេសមហាអំណាច។ ទោះបីជាមានការជជែកគ្នាលើផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ប៉ុន្តែភាគីទាំងអស់នៅតែត្រូវបន្តកិច្ចពិភាក្សាបន្ថែមទៀតពេញមួយខែកុម្ភៈនេះ ដើម្បីស្វែងរកចំណុចរួមបញ្ចប់សង្គ្រាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [Head of the Office of the President of Ukraine Kyrylo Budanov via Telegram/Handout via REUTERS]/ [REUTERS/Pierre Albouy]