រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យមន្ទីរពេទ្យទាំងអស់ ត្រូវធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា
ភ្នំពេញ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលទាំងការថែទាំ និងព្យាបាល ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ ឱ្យបានលឿន និងការចល័តធនធានមនុស្សឱ្យបានលឿន និងសម្ភាររិក្ខារពេទ្យ ព្រមទាំងការធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា ជាពិសេសការងារព្រំដែន។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើថា មន្ទីរពេទ្យទាំងអស់ ត្រូវផ្តោតសំខាន់ ១) ការដឹកនាំ ២) ការបណ្តុះបណ្តាល ៣) គុណភាពព្យាបាល និងការជួយសង្រ្គោះ ៤) ត្រូវតែមានសមធម៌ ដូចជាពាក្យ «មន្ទីរពេទ្យដែលខ្លាំង មានគុណភាព នឹងធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងទាំងថ្ងៃនេះ និងថ្ងៃស្អែក»។
លោករដ្ឋមន្ត្រី មានប្រសាសន៍ណែនាំដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ មន្ទីរពេទ្យកុមារជាតិនូវភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពមន្រ្តី បុគ្គលិករបស់មន្ទីរពេទ្យឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួន ដល់អង្គសន្និបាតនូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ ជាអាទិ៍មាន៖ ១) ពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលម្អអគារ និងបរិស្ថាន ២) លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ ៣) ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ៤) បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព «គ្រប់អ័ក្សត្រូវតែច្បាស់លាស់ ស្របតាមបទបែបជាតិ និងអន្តរជាតិ ដែលជាការចងចាំគ្រប់ជំហានបច្ចេកទេសព្យាបាល» ៥) ត្រូវមានសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ។ ៦) ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាព និងការទំនាក់ទំនងឱ្យបានល្អ ៧) ពង្រឹងលើការបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ ៨) ពង្រឹងប្រព័ន្ធព័ត៌មាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ ៩) មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ