ការបង្កើតរដ្ឋាភិបាលថៃប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈលទ្ធផលបោះឆ្នោតជាតិថ្ងៃទី៨ ខែកុម្ភៈអាចនឹងត្រូវប្រកាសជាមោឃៈ
ថៃឡង់ដ៍៖ ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ កំពុងធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ខណៈដំណើរការបង្កើតរដ្ឋាភិបាលថ្មីហាក់កំពុងជួបភាពទាល់ច្រក ស្របពេលដែលមានការព្រមានថា ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាចនឹងត្រូវប្រកាសជាមោឃៈទាំងស្រុង ដោយសារតែបញ្ហាផ្លូវច្បាប់ និងភាពមិនប្រក្រតីជាច្រើនដែលគេបានរកឃើញ ដោយនឹងត្រូវរៀបចំបោះឆ្នោតឡើងវិញនៅទូទាំងប្រទេស ។
បញ្ហាចម្បងដែលបង្កឱ្យមានការជជែកដេញដោលខ្លាំងបំផុត គឺមាន QR Code និងបាកូដ (Barcode) នៅលើសន្លឹកឆ្នោត ដែលអ្នកច្បាប់ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ថាម៉ាណាត់ ផ្រមប៉ៅ (Thamanat Prompao) បង្ហាញក្ដីបារម្ភថាអាចរំលោភបំពានលើគោលការណ៍បោះឆ្នោតជាសម្ងាត់តាមរដ្ឋធម្មនុញ្ញ ព្រោះវាអាចអនុញ្ញាតឱ្យគេស្រាវជ្រាវដឹងពីជម្រើសពិតរបស់អ្នកបោះឆ្នោតម្នាក់ៗ ។
ក្រៅពីបញ្ហាសន្លឹកឆ្នោត កំហុសបច្ចេកទេសដូចជា សន្លឹកឆ្នោតមិនសមមាត្រគ្នា និងការចុះឈ្មោះអ្នកបោះឆ្នោតមានភាពមិនប្រក្រតី បានរុញច្រានឱ្យស្ថាប័ន Ombudsman ដែលជាភ្នាក់ងារស៊ើបអង្កេតបណ្ដឹងតវ៉ាឯករាជ្យ ចាប់ផ្តើមពិនិត្យពាក្យបណ្តឹង និងផ្តល់ពេល ៧ ថ្ងៃឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា EC ធ្វើការបំភ្លឺ មុននឹងសម្រេចបញ្ជូនរឿងនេះទៅកាន់តុលាការធម្មនុញ្ញដើម្បីកាត់សេចក្តី ។
គេបានប្រៀបធៀបវិបត្តិនេះ ទៅនឹងព្រឹត្តិការណ៍ក្នុងឆ្នាំ ២០០៦ និង ២០១៤ ដែលកាលនោះ តុលាការរដ្ឋធម្មនុញ្ញធ្លាប់បានលុបចោលលទ្ធផលបោះឆ្នោតរួចមកហើយ។ លោក ថាម៉ាណាត់ (Thamanat) បានសង្កត់ធ្ងន់ថា ការដោះស្រាយមន្ទិលសង្ស័យលើលទ្ធផលបោះឆ្នោត គឺជារឿងបន្ទាន់ជាងការចរចាបែងចែកកៅអីរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលចម្រុះ ដែលកំពុងតែមានពាក្យចចាមអារ៉ាមមិនពិតជាច្រើននាពេលនេះ ។
នាពេលបច្ចុប្បន្ន ជោគវាសនានយោបាយថៃនៅតែស្ថិតក្នុងភាពស្រពិចស្រពិលបំផុត ដោយបក្សនយោបាយនីមួយៗ រួមទាំងបក្សក្លាថាំ (Klattham) បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោតឡើងវិញ ប្រសិនបើចាំបាច់។ សំណួរដែលមហាជនកំពុងតាមដានគឺ តើការបង្កើតរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់បក្សភូមិចៃថៃ នឹងជោគជ័យជាមុន ឬក៏តុលាការនឹងសម្រេចរំលាយការបោះឆ្នោតទាំងមូលចោលជាមុន?
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand/ Thai PBS | រូបភាព៖ ប្រភពនានា រួមទាំង The Nation Thailand