ចំពោះភាពមិនច្បាស់លាស់នៃការងារនៅថៃ អ្នកនាំពាក្យក្រសួងការងារ ប្រាប់ទៅពលករថា កម្ពុជា មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍ច្រើនជាង និងមានយន្តការគាំពារ ដើម្បីផ្តល់ការងារគ្រប់គ្រាន់
ភ្នំពេញ)ឭ៖ ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃអាណត្តិថ្មី ដែលមិនទាន់មានការសម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍ច្រើនជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។
ឆ្លើយតបនឹងសំណួរអ្នកសារព័តមាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយចំពោះបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដែលធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពការងារ ខណៈដែលភាគីកម្ពុជាមិនទាន់ទទួលបានការជូនដំណឹងផ្លូវការណាមួយពីភាគីថៃនៅឡើយ។
លោកថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពមិនច្បាស់លាស់នេះ... ខ្ញុំក៏សូមបញ្ជាក់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែងដែលអាចផ្តល់ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក។ នៅស្រុកយើង មានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. យើងមានច្រើនជាង និងសម្បូរបែប ដែលអាចជួយបានទាំងគ្រួសារពួកគាត់តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ»។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ពីយន្តការនៃការផ្តល់ការងារធ្វើជូនអតីតពលករសំខាន់ៗរួមមាន ការបើកវគ្គបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងាររបស់អតីតពលករដែលផ្តល់ថវិកា និងការស្នាក់នៅក្នុងអំឡុងពេលសិក្សាដោយឥតគិតថ្លៃ ការបន្តយុទ្ធនាការវេទិកាការងារនៅតាមបណ្តាខេត្តសំខាន់ៗទាំង១៤នៅដើមឆ្នាំ២០២៦នេះ និងយន្តការផ្តល់ឱកាសការងារតាមរយៈយន្តការប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ជាដើម។
លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែលកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា មានឱកាសទទួលបានប្រាក់ខែខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងមានប្រាក់សោធន ខណៈដែលនៅប្រទេសថៃ មិនមានសេវាទាំងអស់នេះសម្រាប់ជួយគាំពារដល់ពលករខ្មែរដែលមិនមានឯកសារគ្រប់គ្រាន់នោះទេ។
បន្ថែមលើនេះ លោកថា បងប្អូនប្រជាពលករខ្មែរដែលមកធ្វើការងារនៅជិតផ្ទះ មានឱកាសជួបជុំក្រុមគ្រួសារ មានពេលវេលាមើលថែឱពុកម្ដាយ និងកូនចៅដោយមិនមានការព្រួយបារម្ភពីសុវត្ថិភាពជាង។
គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុងនោះមានអតីតពលករប្រមាណ ៦៣ម៉ឺននាក់បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមានជម្លោះតាមព្រំដែន។ ក្នុងនោះយន្តការក្រសួង បានជួយបងប្អូនពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាមួយគ្នានេះ ដើម្បីបន្តជួយផ្តល់ឱកាសការងារជូនអតីតពលករ ក្រសួងការងារនៅឆ្នាំ២០២៦នេះ បានរៀបចំយន្តការសំខាន់ៗចំនួន២ គឺការផ្តល់ការបណ្តុះបណ្តាលដែលមានការឧបត្ថមនិងឱកាសការងារ១០០% និងការបន្តរៀបចំវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនជាង ៦០លើក បន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្ដាខេត្តដែលមានអតីតពលករខ្មែររស់នៅច្រើនជាងគេ។
លោក ស៊ុន មេសា បញ្ជាក់ថា៖«បច្ចុប្បន្នក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺយើងខិតប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីឱកាសការងារស្ទើតែគ្រប់មធ្យោយបាយនៅតាមមូលដ្ឋាន ដើម្បីនាំយកឱកាសការងារជូនបងប្អូនយើងដែលប្រឡប់មកពីប្រទេសថៃ។ សម្រាប់បងប្អូនពលករខ្មែរយើងមួយចំនួន នៅមិនទាន់បានទទួលព័ត៌មានពីឱការងារដ៏សម្បូរបែបនៅក្នុងប្រទេសយើង សូមចូលក្នុងវេទិកា ឬទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរង់ចាំបម្រើសេវា៧ថ្ងៃក្នុងមួយសប្តាហ៍»។
យ៉ាងណាក៏ដោយ ជាមួយនឹងភាពស្រពិចស្រពិលមិនច្បាស់លាស់នៃទីផ្សាការងារនៅថៃ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាង ការវិលត្រឡប់របស់បងប្អូនពលករខ្មែរដែលនៅប្រទេសថៃ គឺជាឱកាសមាស ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មតាមរោងចក្រ សហគ្រាសរាប់ម៉ឺននាក់ផង និងការជួយបំប៉នកំណើនសេដ្ឋកិច្ចក្នុងស្រុកផង ដោយក្រសួងរៀបចំយន្តការសំខាន់ៗសម្រាប់គាំពារពលករខ្មែរ៕