ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ពន្យល់បុគ្គលមួយចំនួនអំពីអត្ថប្រយោជតាមផ្លូវច្បាប់ មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការពន្យល់ទៅដល់បុគ្គលមួយចំនួនអំពីអត្ថប្រយោជតាមផ្លូវច្បាប់ មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត។​ ការណ៍នេះបន្ទាប់ពីមានបុគ្គលមួយចំនួនបានបន្ទោសរដ្ឋាភិបាលថាបានបណ្តោយឱ្យយោធាថៃឈ្លានពានអធិបតេយ្យកម្ពុជា។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះនៅក្នុងហ្វេសបុកផ្លូវការរបស់លោកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះថា​៖ «មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ។​ តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរឬទេ? ឥឡូវនេះថៃវាកំពុងយកដី»។

ត្រង់ចំណុចនេះលោកទេសរដ្ឋមន្ត្រី បានពន្យល់ថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត ដូចជា៖

១. បើយើងមិនចេញលិខិតបដិសេធ ( protest note)ទេ មានន័យថា ការកាន់កាប់លើទឹកដីខ្មែរដោយយោធាថៃគឺស្របច្បាប់ យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។

២. ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា​ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ។​

៣. លិខិតបដិសេធនឹងក្លាយជាឯកសារផ្លូវការសំខាន់ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់ មិនដែលទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ។

៤. បង្ហាញថាកម្ពុជា​គោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រពីប្រទេសនានា ឬពីសហគមន៍អន្តរជាតិ។

៥. ការចេញលិខិតបដិសេធគឺប្រឆាំងទប់នឹងពាក្យ tacit consent។ ក្នុងច្បាប់អន្តរជាតិ ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថាបានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។

សរុបសេចក្តីមក រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាព រក្សាជំហរតាមផ្លូវច្បាប់ បង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ទប់ស្កាត់ fait accompli និងបាននិងកំពុងបង្ហាញការគោរពច្បាប់អន្តរជាតិរបស់កម្ពុជា៕