សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ Reuters ថាស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតែផុយស្រួយ និងត្រូវការការចរចាបច្ចេកទេសជាបន្ទាន់
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ពថៃនៅតែបន្តមានវត្តមាននៅក្នុងផ្នែកខ្លះនៃទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។ សម្តេចបានក្រើនរំឭកថា ស្ថានភាពនៅតាមបណ្តោយព្រំដែននៅតែមានភាព «ផុយស្រួយ» ហើយត្រូវការការចរចាបច្ចេកទេសជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ ។
ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Reuters ខណៈកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យភាគីថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) បន្តការងារកំណត់ខណ្ឌសីមានៅតំបន់មានវិវាទឡើងវិញ។ សម្ដេចបានសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ត្រូវតែគោរពតាមកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលមានជាធរមាន ។
សម្តេចធិបតីបានលើកឡើងថា កងទ័ពថៃនៅតែមានវត្តមានចូលជ្រៅក្នុងទឹកដីកម្ពុជានៅតំបន់ជាច្រើន ហើយបានបញ្ជាក់ទៀតថា ភាគីថៃបានដាក់ទូរកុងតឺន័រ និងរបងលួសបន្លានៅក្នុងតំបន់ដែលមានការទទួលស្គាល់ជាអន្តរជាតិថាជាអធិបតេយ្យភាពរបស់កម្ពុជា។ សម្ដេចធិបតីបញ្ជាក់ដែរថា នេះគ្រាន់តែជាការលើកឡើងពីស្ថានភាពជាក់ស្តែងប៉ុណ្ណោះ មិនមែនជាការចោទប្រកាន់ឡើយ ។
ដោយឡែក ភាគីថៃបានឆ្លើយតបថា ការដាក់ពង្រាយកងទ័ពគឺជាវិធានការដើម្បីកាត់បន្ថយភាពតានតឹង ហើយបានបដិសេធចំពោះការកាន់កាប់ទឹកដីកម្ពុជា។ ចំណែកឯក្រសួងការបរទេសថៃឯណោះវិញ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍ចុងក្រោយនេះនៅឡើយទេ ។
គួររំឭកដែរថា ជម្លោះព្រំដែននេះ បានក្លាយទៅជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយ កាលពីខែកក្កដា ឆ្នាំ ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួន និងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មតាមបណ្ដោយព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្រ។ កិច្ចព្រមព្រៀងសន្តិភាពដំបូងដែលបានចុះហត្ថលេខានៅខែតុលា ឆ្នាំ ២០២៥ ក្រោមការសម្របសម្រួលពីប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបរាជ័យក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយផ្សេងទៀតនៅថ្ងៃទី ២៧ ខែធ្នូ ដែលអាចបញ្ឈប់ការប៉ះទង្គិចបានជាបណ្តោះអាសន្ន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា កន្លងមក ភាគីថៃបានយកការបោះឆ្នោតជាតិថ្ងៃទី ៨ ខែកុម្ភៈ ជាមូលហេតុក្នុងការពន្យារពេលកំណត់ព្រំដែន។ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ កម្ពុជាកំពុងជំរុញឱ្យថៃចាប់ផ្តើមការវាស់វែង និងកំណត់ព្រំដែននៅតំបន់មានវិវាទឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋដែលភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។ ក្នុងសប្តាហ៍នេះ សម្ដេចធិបតី បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតី ត្រាំ ដោយរំពឹងថា ក្រុមប្រឹក្សានេះ នឹងអាចជួយសម្រាលភាពតានតឹងនៅតាមព្រំដែនកម្ពុជា–ថៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet/ [Evelyn Hockstein/Reuters]/ KPT English/ Shotscreen from Reuters Video.