ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បញ្ជាឱ្យបោះឆ្នោតឡើងវិញ និងរាប់សន្លឹកឆ្នោតសារជាថ្មីនៅតំបន់មួយចំនួន

image


ថៃឡង់ដ៍៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ថា EC កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្រេចចិត្តជាផ្លូវការឱ្យមានការបោះឆ្នោតឡើងវិញ និងរាប់សន្លឹកឆ្នោតជាថ្មីនៅតាមមណ្ឌលមួយចំនួន បន្ទាប់ពីរកឃើញភាពមិនប្រក្រតី និងទទួលបានពាក្យបណ្តឹងក្រោយការបោះឆ្នោតជាតិ កាលពីថ្ងៃទី៨ ខែកុម្ភៈ។ សេចក្តីសម្រេចនេះ បានធ្វើឱ្យសមាជិក EC ផ្អាកការប្រជុំប្រចាំសប្តាហ៍ ដើម្បីទុកពេលឱ្យមន្ត្រីពាក់ព័ន្ធចុះទៅត្រៀមរៀបចំការងារបន្ទាន់នៅតាមខេត្តគោលដៅ ។


ចំពោះការបោះឆ្នោតឡើងវិញ នឹងត្រូវធ្វើឡើងនៅមណ្ឌលទី១ ការិយាល័យទី៦ ឃុំថាវ៉ាំងថង ក្នុងខេត្តផាយ៉ាវ (Phayao) សម្រាប់ទាំងសន្លឹកឆ្នោតជ្រើសរើសតំណាងរាស្ត្រមណ្ឌល និងសន្លឹកឆ្នោតបញ្ជីរាយនាមបក្ស។ ក្រៅពីខេត្តផាយ៉ាវ ក៏មានការិយាល័យបោះឆ្នោតខ្លះនៅខេត្តឧត្តរធានី (Udon Thani), ខេត្តណាន (Nan) និងខណ្ឌខាន់ណាយ៉ាវ (Khan Na Yao) ក្នុងទីក្រុងបាងកក ដែលត្រូវរៀបចំការបោះឆ្នោតឡើងវិញនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ខាងមុខនេះ ។
ទន្ទឹមនឹងការបោះឆ្នោតឡើងវិញ ក៏មានការបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញផងដែរ នៅក្នុងការិយាល័យបោះឆ្នោតចំនួន ៧ ផ្សេងទៀត រួមមាន៖


- នៅខេត្តប្រាជួបគីរីខាន់ (Prachuap Khiri Khan)៖ មណ្ឌលទី១ ស្រុកសាមរ៉យយ៉ត ការិយាល័យទី២ ឃុំរ៉ៃម៉ៃ និងមណ្ឌលទី១ ស្រុកសាមរ៉យយ៉ត ការិយាល័យទី៨ ឃុំសាមរ៉យយ៉ត។

- ខេត្តពេជ្រប៊ុន (Phetchabun)៖ មណ្ឌលទី១ ស្រុកមឿង ការិយាល័យទី១ ឃុំណៃយំ និងមណ្ឌលទី៤ ស្រុកណងផៃ ការិយាល័យទី២ ឃុំណងផៃ។
- ខេត្តកំពែងពេជ្រ (Kamphaeng Phet)៖ មណ្ឌលទី១ ស្រុកមឿង ការិយាល័យទី៨ ឃុំនិគមធុងពោធិ៍ថាក់ឡេ និងមណ្ឌលទី១ ស្រុកមឿង ការិយាល័យទី១៤ ឃុំទេពនគរ។
- និងខេត្តសកលនគរ (Sakon Nakhon)៖ មណ្ឌលទី១ ស្រុកមឿង ការិយាល័យទី៣២ ឃុំធាតុជើងជុម។
ការរាប់សន្លឹកឆ្នោតឡើងវិញនេះ ធ្វើឡើងដើម្បីដោះស្រាយមន្ទិលសង្ស័យ និងធានាឱ្យបាននូវភាពត្រឹមត្រូវបំផុតនៃលទ្ធផលឆ្នោតរបស់គណបក្សនីមួយៗដែលបានប្រកួតប្រជែងគ្នានាពេលកន្លងមក ។
ដោយឡែក សម្រាប់ការបោះឆ្នោតប្រជាមតិ ក៏មានការបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញដូចគ្នាដែរ ដោយនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ វេលាម៉ោង ១០ ព្រឹក នៅខណ្ឌខាន់ណាយ៉ាវ ទីក្រុងបាងកក និងនៅខេត្តកញ្ចនបុរី (Kanchanaburi)។ អាជ្ញាធរ បានផ្លាស់ប្តូរគណៈកម្មការប្រចាំការិយាល័យថ្មីសម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីតម្លាភាព ប៉ុន្តែរក្សាគណៈកម្មការចាស់នឹងមានវត្តមានដដែលសម្រាប់បំពេញភារកិច្ចរាប់សន្លឹកឆ្នោតប្រជាមតិឡើងវិញ ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំក្រុងបាងកក លោក សំផាន់ ស៊ែងខាំឡឺត (Samphan Saengkhamlert) បានបញ្ជាក់ថា សម្ភារបោះឆ្នោតនឹងត្រូវដឹកជញ្ជូនដោយប្រៃសណីយ៍ថៃទៅកាន់ទីស្នាក់ការខ័ណ្ឌដោយផ្ទាល់។ លោកក៏កំពុងតាមដានយ៉ាងដិតដល់ចំពោះទម្រង់សន្លឹកឆ្នោត ក្រោយមានការជជែកដេញដោលខ្លាំងអំពីបញ្ហាកូដបារ (Barcode) និង QR Code នៅលើសន្លឹកឆ្នោត ដែលជាចំណុចរសើបក្នុងចំណោមអ្នកបោះឆ្នោតថៃ ។


អាជ្ញាធរថៃ បានអះអាងថា មន្ត្រីទាំងអស់ទទួលបានការណែនាំឱ្យអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត និងត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំឯកសារ ដើម្បីចៀសវាងកំហុសឆ្គងដដែលៗ។ ស្ថានភាពនេះកំពុងស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងពីសំណាក់មហាជន តាមរយៈការប្រើប្រាស់ហាស់ថេក (Hashtag) នៅលើបណ្តាញសង្គម ដើម្បីទាមទាររកយុត្តិធម៌ និងភាពស្អាតស្អំនៃការបោះឆ្នោតឆ្នាំ២០២៦ នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer/ The Nation Thailand/ Asian Speech | រូបភាព៖ ប្រភពផ្សេងៗ