ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចម៉ាឡេស៊ីកើនឡើង ៥,២% ក្នុងឆ្នាំ២០២៥ ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ

image



ម៉ាឡេស៊ី៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី សម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ក្នុងកម្រិត ៥,២% ក្នុងឆ្នាំ២០២៥ ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ កំណើននេះបានមកពីការកើនឡើងខ្លាំងនៃតម្រូវការក្នុងស្រុក ការនាំចេញ និងការវិនិយោគ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិឈានដល់កម្រិតខ្ពស់ជាងការរំពឹងទុករបស់រដ្ឋាភិបាល ដែលធ្លាប់ប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចរបស់ខ្លួនបានត្រឹម ៤% ទៅ ៤,៨% និងខ្ពស់ជាងកំណើនឆ្នាំ២០២៤ ដែលមានត្រឹម ៥,១% ។

បើយើងពិនិត្យមើលតែត្រីមាសទី៤ (នៅចន្លោះខែតុលា ដល់ខែធ្នូ) ឆ្នាំ២០២៥ សេដ្ឋកិច្ចម៉ាឡេស៊ីបានលោតឡើងដល់ ៦,៣% ដែលជាសន្ទុះលឿនបំផុតក្នុងរយៈពេល ១២ត្រីមាសចុងក្រោយ។ តួលេខនេះបានធ្វើឱ្យអ្នកសេដ្ឋកិច្ចមានការភ្ញាក់ផ្អើល ព្រោះវាខ្ពស់ជាងការប៉ាន់ស្មានមុនៗ ហើយបង្ហាញថាស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសនេះកំពុងមានដង្ហើមយ៉ាងរឹងមាំនៅចុងឆ្នាំ ។

សម្រាប់ឆ្នាំ២០២៦ ធនាគារកណ្តាលម៉ាឡេស៊ី រំពឹងថា សន្ទុះកំណើននេះនឹងបន្តទៅមុខទៀត ដោយសារតែប្រជាជនមានការងារធ្វើច្រើន និងទទួលបានប្រាក់ខែខ្ពស់ ដែលជួយឱ្យការចាយវាយក្នុងគ្រួសារកាន់តែប្រសើរ។ ទោះបីជាមានភាពមិនច្បាស់លាស់ខ្លះៗទាក់ទងនឹងគោលនយោបាយពន្ធដាររបស់សហរដ្ឋអាម៉េរិកក៏ដោយ ក៏រដ្ឋាភិបាលម៉ាឡេស៊ីនៅតែជឿជាក់ថា សេដ្ឋកិច្ចនឹងបន្តកើនឡើងចន្លោះពី ៤% ទៅ ៤,៥% ក្នុងឆ្នាំនេះ ។

ពាក់ព័ន្ធនឹងវិស័យធនាគារ ធនាគារកណ្តាលបានសម្រេចរក្សាអត្រាការប្រាក់គោលឱ្យនៅថេរក្នុងកម្រិត ២,៧៥% ដដែល។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែស្ថានភាពសេដ្ឋកិច្ចមានលំនឹងល្អ អត្រាអតិផរណាមានកម្រិតទាប និងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ជាពិសេសបន្ទាប់ពីមានការកែសម្រួលពន្ធនាំចេញទៅកាន់សហរដ្ឋអាម៉េរិកឱ្យមានតុល្យភាពវិញ ។

ចំណែកឯតម្លៃរូបិយបណ្ណជាតិ «រីងហ្គីត» (Ringgit) ឯណោះវិញ បានក្លាយជាមោទនភាពរបស់ម៉ាឡេស៊ី ដោយវាបានក្លាយជារូបិយប័ណ្ណដែលមានប្រតិបត្តិការល្អបំផុតនៅក្នុងតំបន់អាស៊ី។ ចាប់តាំងពីដើមឆ្នាំ២០២៤ មក លុយរីងហ្គីតបានឡើងថ្លៃប្រហែល ១៧% ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកម្រិតខ្លាំងបំផុតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ប្រៀបធៀបនឹងប្រាក់ដុល្លារអាម៉េរិក ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទី២ របស់ម៉ាឡេស៊ី ក៏បានបង្ហើបឱ្យដឹងដែរថា រដ្ឋាភិបាលអាចនឹងដំឡើងការព្យាករណ៍សេដ្ឋកិច្ចឱ្យខ្ពស់ជាងមុនទៀតសម្រាប់ឆ្នាំនេះ ដោយសារតែមានសញ្ញាវិជ្ជមានជាច្រើនបន្តបន្ទាប់គ្នា។ ការរួមផ្សំគ្នារវាងការនាំចេញដ៏រឹងមាំ និងស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក គឺជាគ្រឹះយ៉ាងសំខាន់ដែលធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via VN Express International | រូបភាព៖ travel2next.com/ [REUTERS/Lim Huey Teng]/ KEVIN LIM