ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងបារាំង ពង្រឹងសម្ព័ន្ធភាពយោធាកាន់តែរឹងមាំ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង នៅទីក្រុងមុំបៃ

image



ឥណ្ឌា៖ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៤ របស់លោកទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែជាលើកដំបូងបំផុតនៅក្នុងទីក្រុងមុំបៃ។ ជំនួបនេះ រួមមានកិច្ចពិភាក្សាផ្លូវការអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក៏ដូចជាវិស័យការពារជាតិ ពាណិជ្ជកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាដើម ។

ចំណុចដ៏លេចធ្លោបំផុតនៃជំនួបនេះ គឺមេដឹកនាំទាំងពីរបានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវខ្សែច្រវាក់ដំឡើងឧទ្ធម្ភាគចក្រដំបូងគេបង្អស់របស់ឥណ្ឌា ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន តាតា (Tata) របស់ឥណ្ឌា និងក្រុមហ៊ុន អ៊ែរបាស់ (Airbus) របស់បារាំង ។

ក្រៅពីវិស័យឧស្សាហកម្ម សម្ព័ន្ធភាពការពារជាតិរវាងប្រទេសទាំងពីរកាន់តែរឹងមាំ បន្ទាប់ពីឥណ្ឌាបានអនុម័តកញ្ចប់ថវិកាយោធាយ៉ាងច្រើនរហូតដល់ ៤០ ពាន់លានដុល្លារអាម៉េរិក ដែលរួមមានការបញ្ជាទិញយន្តហោះចម្បាំងរ៉ាហ្វាអ៊ែល (Rafale) ចំនួន ១១៤ គ្រឿងពីបារាំង។ ដំណើរទស្សនកិច្ចនេះ បានកើតឡើងចំពេលដែលឥណ្ឌា និងសហភាពអឺរ៉ុប ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រកាលពីខែមករាកន្លងទៅ ដែលវានឹងជួយជំរុញសេដ្ឋកិច្ចរវាងតំបន់ទាំងពីរឱ្យកាន់តែរីកចម្រើន ។

ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង និងភរិយាមកកាន់ឥណ្ឌាលើកនេះ មិនត្រឹមតែជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចំណងមិត្តភាពផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធរវាងមេដឹកនាំទាំងពីរថែមទៀតផង។ លោក ម៉ូឌី បានបង្ហោះសារនៅលើបណ្ដាញសង្គមថា លោកពិតជាសប្បាយចិត្តដែលបានជួប «មិត្តសម្លាញ់» របស់លោក ហើយលោក ម៉ាក្រុង ក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ច និងបរិយាកាសនៅក្នុងទីក្រុងមុំបៃ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY