តម្លៃប្រេងពិភពលោកធ្លាក់ចុះបន្តិច ក្រោយមានសញ្ញាវិជ្ជមានពីការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្តួចនៅថ្ងៃពុធនេះ បន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់មានវឌ្ឍនភាពទៅមុខ ដែលជួយកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ការប្រែប្រួលនេះ បានធ្វើឱ្យតម្លៃប្រេងប្រ៊ែនថ៍ (Brent) ធ្លាក់ចុះមកត្រឹម ៦៧,៣៩ ដុល្លារ និងប្រេង WTI របស់អាម៉េរិកធ្លាក់មកត្រឹម ៦២,២៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araqchi) បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសទាំងពីរ បានឈានដល់ការយោគយល់គ្នាលើ «គោលការណ៍ណែនាំ» សំខាន់ៗ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏រ៉ាំរ៉ៃ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា នេះមិនមែនមានន័យថាកិច្ចព្រមព្រៀងចុងក្រោយ នឹងអាចសម្រេចបានភ្លាមៗក្នុងពេលឆាប់ៗនេះនោះទេ ។
អ្នកវិភាគទីផ្សារនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពនៃវឌ្ឍនភាពនេះ។ លោក តូនី ស៊ីខេម័រ (Tony Sycamore) អ្នកជំនាញមកពីក្រុមហ៊ុនហិរញ្ញវត្ថុ IG Group បានលើកឡើងថា ទោះបីជាការចរចានេះ អាចជួយសម្រាលភាពតានតឹងផ្នែកនយោបាយ និងបង្កើនការផ្គត់ផ្គង់ប្រេងពីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែលោកនៅតែសង្ស័យថា តើលទ្ធផលវិជ្ជមានពិតប្រាកដអាចកើតឡើងក្នុងរយៈពេលខ្លីមែនឬយ៉ាងណា ។
ស្របពេលជាមួយគ្នា ក្រុមហ៊ុនប្រឹក្សានយោបាយ យូរ៉ាស៊ី គ្រុប (Eurasia Group) ក៏បានបញ្ចេញមតិខុសពីគេបន្តិច ដោយពួកគេជឿថា នៅតែមានលទ្ធភាពរហូតដល់ ៦៥% ដែលសហរដ្ឋអាម៉េរិកអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់នៅត្រឹមដំណាច់ខែមេសាខាងមុខ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលដូចការរំពឹងទុក ។
កត្តាមួយទៀតដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ គឺព័ត៌មានស្តីពីការកើនឡើងនៃផលិតកម្មប្រេងនៅឯតំបន់តេងហ្គីស (Tengiz) ក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រភពប្រេងដ៏ធំមួយក្នុងពិភពលោក។ បន្ទាប់ពីបានផ្អាកការផលិតកាលពីខែមករា ឥឡូវនេះគេរំពឹងថា ការផលិតនឹងត្រឡប់មកពេញសមត្ថភាពវិញនៅត្រឹមថ្ងៃទី២៣ ខែកុម្ភៈខាងមុខ ។
បច្ចុប្បន្ន ទីផ្សារកំពុងរង់ចាំមើលរបាយការណ៍ស្តីពីកម្រិតប្រេងបម្រុងរបស់សហរដ្ឋអាម៉េរិក ដែលនឹងចេញផ្សាយនៅចុងសប្តាហ៍នេះ។ អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថា បរិមាណប្រេងឆៅបម្រុងរបស់អាម៉េរិកអាចនឹងកើនឡើងប្រហែល ២,៣ លានបារ៉ែល កាលពីសប្តាហ៍មុន ដែលវានឹងកាន់តែធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារមានសម្ពាធបន្តទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ [REUTERS/Stringer]/ [Iranian Ministry of Foreign Affairs/AFP/Getty]