ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរជាង៣ម៉ឺននាក់ បានដើរលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង
បាត់ដំបង ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ជាង៣ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន ប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹងយ៉ាងដូច្នេះថា ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តបាត់ដំបង ទទួលបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិសរុបទាំងអស់ចំនួន ៣៣.២៤៧ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិស្នាក់នៅចំនួន ៤.០២៥ នាក់ ប្រជាពលរដ្ឋដើរលេងវិលល្ងាចចំនួន២៨.៧៨៥ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៤៣៧ នាក់ ។
លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តទៀតថា តាមរយៈនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន នៅខេត្តបាត់ដំបង នាពេលនេះ សុទ្ធតែបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងលើកសរសើរពីសក្ដានុពលដ៏សម្បូរបែបនៃវិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបង ជាពិសេសម្ហូបអាហារមានរសជាតិឆ្ងាញ់ ជាមួយនឹងការផ្តល់សេវាកម្មរហ័សរហួន ទាំងការស្នាក់នៅ និងសេវាមុខម្ហូប មានតម្លៃរមរម្យមិនមានការដំឡើងថ្លៃនោះឡើយ ។
លោក ហម អរុណ បានឱ្យដឹងផងដែរថា ដើម្បីបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធបានចុះសម្របសម្រួលការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងធានានូវសន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរទាំងនៅទីប្រជុំជន និងតាមតំបន់រមណីយដ្ឋាន ព្រមទាំងគោលដៅទេសចរណ៍នានាជាប្រចាំ ដើម្បីផ្តល់នូវទំនុកចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ពីប្រតិបត្តិករទេសចរផងដែរ ៕
ដោយ ៖ គួយ គឹមស៊ន