ព័ត៌មានអន្តរជាតិ

អាជ្ញាធរខេត្តបទុមធានី បិទសាលារៀន ១៣ កន្លែង ក្រោយជនសង្ស័យប្រដាប់ដោយកាំភ្លើងកំពុងរត់គេចខ្លួន

image


ថៃឡង់ដ៍៖ អាជ្ញាធរក្នុងស្រុកឡាត់លុមកែវ (Lat Lum Kaeo) ខេត្តបទុមធានី បានសម្រេចបិទសាលារៀនចំនួន ១៣ កន្លែង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីមានក្តីព្រួយបារម្ភពាក់ព័ន្ធនឹងបុរសជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធ កំពុងរត់គេចខ្លួនក្នុងតំបន់នោះ។ ទោះបីជាមានព័ត៌មានចចាមអារ៉ាមថា ជនសង្ស័យបានសម្រុកចូលក្នុងសាលារៀន ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា មិនទាន់មានសេចក្តីរាយការណ៍ពីការគំរាមកំហែងណាមួយកើតឡើងនៅក្នុងបរិវេណសាលានៅឡើយទេ ហើយការបិទសាលារៀននេះ គឺដើម្បីធានាសុវត្ថិភាពសិស្សានុសិស្សតែប៉ុណ្ណោះ ។
ដើមហេតុនៃរឿងនេះ បានចាប់ផ្តើមកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ នៅពេលដែលជនសង្ស័យឈ្មោះ ណុបផារ៉ាត់ (Nopparat) អាយុ ៣១ឆ្នាំ បានបើករថយន្តបាញ់ប្រហារទៅលើរថយន្តសង្គ្រោះបន្ទាន់ ដោយសារតែខឹងបុគ្គលិកសង្គ្រោះចូលទៅព្រមានរូបគេដែលឈប់រថយន្តនៅកន្លែងគ្រោះថ្នាក់។ ក្រោយមក សមត្ថកិច្ចបានរកឃើញស្លឹកក្ទម្ព ចំនួន ៥០០ក្រាមនៅក្នុងរថយន្តរបស់ជនសង្ស័យ ខណៈជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល។ ស្លឹកក្ទម្ព គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលគេយកមកទំពារ ឬដាំទឹកផឹក ដើម្បីជួយឱ្យមានកម្លាំង និងបំបាត់ការឈឺចាប់ ប៉ុន្តែបើប្រើលើសកម្រិត វានឹងធ្វើឱ្យអ្នកប្រើប្រាស់ញៀន និងប៉ះពាល់សតិ ។
បន្ថែមពីនេះ សមត្ថកិច្ចក៏បានរកឃើញកាំភ្លើងចំនួន ៧ ដើមនៅក្នុងផ្ទះរបស់ជនសង្ស័យថែមទៀតផង អំឡុងការចុះត្រួតពិនិត្យផ្ទះជនសង្ស័យ។ បច្ចុប្បន្ន មេបញ្ជាការនគរបាលខេត្តបទុមធានី បានបញ្ជាឱ្យកងកម្លាំងទាំងអស់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងចែកចាយរូបថតជនសង្ស័យគ្រប់ច្រកល្ហកដើម្បីតាមចាប់ខ្លួន។ សមត្ថកិច្ចបានចាត់ទុកបុរសរូបនេះជាបុគ្គលគ្រោះថ្នាក់បំផុត ដោយសារតែគេមានរក្សាអាវុធជាប់ខ្លួន និងមានអាការៈតានតឹងខ្លាំង ព្រមទាំងបានអំពាវនាវឱ្យជនសង្ស័យចូលមកប្រគល់ខ្លួនជាជាងបន្តការរត់គេចខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thairath English/ Thai Enquirer