ក្រុមហ៊ុនដ៏ធំមួយមកពីឥណ្ឌា ស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី
ភ្នំពេញ៖ ក្រុមហ៊ុនសំណង់ អភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យកសិកម្ម ដ៏ធំមួយមកពីឥណ្ឌា ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ បានស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និងគណៈប្រតិភូក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ (Gates Corporate Agriculture Co., Ltd) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ របស់ក្រុមហ៊ុន Geethika Developers Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ មកពីប្រទេសឥណ្ឌា និងមានបណ្តាញក្រុមហ៊ុនជាច្រើន រួមមាន Geethika Developers, Gates Infra និង Geethika Infra Developer។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីសប្តាហ៍មុននេះ។
ក្នុងជំនួបនោះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា គម្រោងមួយនេះជាគម្រោងពិសេស ដែលត្រូវបានអភិវឌ្ឍឡើងដោយវិនិយោគិនឥណ្ឌា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានជំរុញ និងលើកទឹកចិត្ត ដល់គណៈប្រតិភូក្រុមហ៊ុន ក្នុងការជួយកៀរគរដៃគូរបស់ក្រុមហ៊ុន ដែលមានមូលធន និងជំនាញពិសេសពាក់ព័ន្ធនឹងកសិកម្ម កសិឧស្សាហកម្ម និងការអភិវឌ្ឍអចលនទ្រព្យ ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕