ព័ត៌មានជាតិ

ភ្ញៀវទេសចរជិត ៣ម៉ឺននាក់ បានមកសម្រាកលម្ហែនៅខេត្តកំពត ក្នុងថ្ងៃទី១នៃបុណ្យចូលឆ្នាំចិន

image


កំពត៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣ម៉ឺននាក់ បានទៅសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ខណៈខេត្តជាប់មាត់សមុទ្រមួយនេះពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានសម្រស់ស្រស់ស្អាត សម្បូរកន្លែងដើរលេងកម្សាន្ត សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងមានសុវត្ថិភាពល្អ ព្រមទាំងអនាម័យបិរស្ថានស្អាត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្រុងកំពតសរុបចំនួន ២៩.៨៧៤នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៥៤៣នាក់។ ចំនួនភ្ញៀវទេសចរថ្ងៃទី១ គឺមានការកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ ១៧.០០០នាក់ប៉ុណ្ណោះ។ ជាទូទៅពេលមានបុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត តែងតែបានចុះទៅតាមបណ្តារមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និងសេវាស្នាក់នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យបរិស្ថាន ចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណាដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិសព្ទល្អរបស់ខេត្តកំពតតទៅថ្ងៃមុខទៀត។
អ្នកទេសចរជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានឱ្យដឹងដែរថា បើទោះជាបច្ចុប្បន្នកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍនៅទូទាំងប្រទេសនៅតែបន្តឥតឈប់ឈរ ហើយលំហូរភ្ញៀវកាន់តែល្អឡើង ពិសេសខេត្តកំពត ដែលមានសមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលមានភាពទាក់ទាញជាច្រើនត្រូវបានលេចចេញរូបរាងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យទេសចរមកលេងកាន់តែច្រើន៕
អត្ថបទ៖ វង្ស សុធារម្យ