ព័ត៌មានអន្តរជាតិ

ហ្វីលីពីន អូស្ត្រាលី និងអាម៉េរិក ធ្វើសមយុទ្ធជើងទឹកនិងជើងអាកាសរួមគ្នា នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

image


ហ្វីលីពីន៖ កងទ័ពជើងទឹក និងជើងអាកាសនៃប្រទេសហ្វីលីពីន អូស្ត្រាលី និងសហរដ្ឋអាម៉េរិក ទើបតែបានបញ្ចប់សមយុទ្ធរួមគ្នារយៈពេលពីរថ្ងៃ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន កាលពីដើមសប្ដាហ៍នេះ។ សមយុទ្ធនេះ មានការចូលរួមពីនាវាចម្បាំងទំនើបៗ រួមមាននាវាល្បាតរបស់ហ្វីលីពីន និងនាវាបាញ់មីស៊ីលរបស់អាម៉េរិក ដែលបានបើកបរជាក្បួនយ៉ាងមានរបៀបរៀបរយ ដើម្បីបង្ហាញពីសមត្ថភាព និងកិច្ចសហប្រតិបត្តិការយោធាកម្រិតខ្ពស់ ។
អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន លោកវរសេនីយ៍ឯក ចន ភើស៊ី អាល់កុស (John Percie Alcos) បានបញ្ជាក់ថា ហ្វីលីពីនកំពុងតែឈរលើស្មារតី «សាមគ្គីភាព និងគាំទ្រគ្នា» ជាមួយសម្ព័ន្ធមិត្ត ដើម្បីពង្រឹងសមត្ថភាពក្នុងការការពារសិទ្ធិ និងដែនទឹករបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា ការហ្វឹកហាត់លើបច្ចេកទេសធ្វើសមយុទ្ធនេះ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់ត្រៀមលក្ខណៈក្នុងពេលមានសង្គ្រាមនោះទេ ប៉ុន្តែក៏ចាំបាច់ខ្លាំងសម្រាប់ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយផ្សេងៗផងដែរ ។
គោលបំណងចម្បងនៃសមយុទ្ធនេះ គឺដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ និងការធ្វើការងាររួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ខណៈស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងមានភាពតានតឹងខ្លាំង។ ការធ្វើលំហាត់សមរួមគ្នានេះ ក៏ជាការបង្ហាញពីសាមគ្គីភាពរវាងប្រទេសទាំងបី ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដែលអាចកើតមានឡើងនៅតាមតំបន់សមុទ្រ ។
គួររំឭកដែរថា តំបន់សមុទ្រចិនខាងត្បូង នៅតែជាបញ្ហារកាំរកូសខ្លាំងរវាងហ្វីលីពីន និងចិន ដោយសារតែទីក្រុងប៉េកាំង បានទាមទារកាន់កាប់ស្ទើរតែទាំងស្រុងនូវតំបន់សមុទ្រនោះ រួមទាំងដែនទឹកដែលហ្វីលីពីនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។ កន្លងមក នាវារបស់ហ្វីលីពីន និងចិន តែងតែមានការប៉ះទង្គិចគ្នាជាញឹកញាប់នៅក្នុងតំបន់ជម្លោះនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY