ព័ត៌មានអន្តរជាតិ

មានការប៉ាន់ប្រមាណថា មនុស្សជាង ៧,០០០ នាក់ទៀត នៅតែបន្តបាត់ខ្លួននៅក្រោមគំនរបាក់បែកទូទាំងតំបន់ហ្គាហ្សា

image



ហ្គាហ្សា, ប៉ាឡេស្ទីន៖ ក្រុមសង្គ្រោះបន្ទាន់នៅតំបន់ហ្គាហ្សា សហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានជីកកកាយរកឃើញសាកសពសមាជិកគ្រួសារ អាប៊ូ ណាស (Abu Nasr) ចំនួន ៦៧ នាក់ ចេញពីក្រោមគំនរបាក់បែកនៃអគារមួយក្នុងទីក្រុង ប៊ែត ឡាហៀ (Bait Lahia) កាលពីចុងសប្ដាហ៍។ អគារនេះធ្លាប់ជាជម្រករបស់មនុស្សជាង ២៥០នាក់ ប៉ុន្តែក៏រងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរតាំងពីចុងខែតុលា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងយប់កើតហេតុនោះ ។

មកទល់នឹងពេលនេះ គេប៉ាន់ប្រមាណថា «មានមនុស្សជាង ៧,០០០ នាក់ទៀត នៅតែបន្តបាត់ខ្លួននៅក្រោមគំនរបាក់បែកទូទាំងតំបន់ហ្គាហ្សា»។ ក្រុមមន្ត្រីសង្គ្រោះ បានបញ្ជាក់ថា ពួកគេកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែកង្វះខាតគ្រឿងចក្រ និងឧបករណ៍បច្ចេកទេសចាំបាច់ ដើម្បីទាញយកសាកសពជនរងគ្រោះចេញមកឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ខណៈសាកសពជាង ៧២៦ ត្រូវបានរកឃើញជាបន្តបន្ទាប់ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់ ។

ការងារមនុស្សធម៌នេះ បានកើតឡើង ក្រោយពេលដែលក្រុមហាម៉ាស និងអ៊ីស្រាអ៊ែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែតុលា ឆ្នាំមុន ដែលតម្រូវឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់, ដោះលែងចំណាប់ខ្មាំងទាំងអស់ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចបញ្ជូនចូលទៅក្នុងតំបន់ជម្លោះ។ ស្ថានភាពបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលឈប់បាញ់ ដោយបន្តទៅរកការរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ។

ជាមួយគ្នា តំណាងសហរដ្ឋអាម៉េរិកប្រចាំមជ្ឈិមបូព៌ា បានប្រកាសពីការចាប់ផ្តើមដំណាក់កាលទីពីរនៃ «ផែនការរបស់លោកត្រាំ» ដែលមានគោលដៅបញ្ចប់ជម្លោះជាស្ថាពរនៅតំបន់ហ្គាហ្សា។ ផែនការនេះ រួមមាន ការរំសាយអាវុធ, បង្កើតរដ្ឋបាលបច្ចេកវិទ្យាដើម្បីគ្រប់គ្រងតំបន់ និងចាប់ផ្តើមការងារស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានបំផ្លិចបំផ្លាញ ដើម្បីផ្តល់ជីវភាពរស់នៅធម្មតាដល់ប្រជាជនឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ PBS News/ [AP Photo/Hatem Moussa, File]