ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន សម្ពោធវិថីផ្កាយព្រឹក ដើម្បីផ្ដល់កិត្តិយស និងដឹងគុណដល់គ្រួសារយុទ្ធជនពលី

image



កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jung Un) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធវិថី «សែព្យូល» (Saeppyol) ឬវិថី «ផ្កាយព្រឹក» ដែលស្ថិតក្នុងតំបន់ហ្វាសុង (Hwasong) ក្រុងព្យុងយ៉ាង។ វិថីនេះ ត្រូវបានសាងសង់ឡើងជាពិសេស ដើម្បីជាការដឹងគុណ និងផ្ដល់ជាកិត្តិយសដល់គ្រួសារយុទ្ធជនកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាលពីអំឡុងឆ្នាំ ២០២៤-២០២៥ ។

ក្នុងពិធីកាត់ខ្សែបូសម្ពោធ លោក គីម ជុងអ៊ុន ដែលអមដំណើរដោយកូនស្រី គីម ជូអេ បានជួបសំណេះសំណាលជាមួយសាច់ញាតិយុទ្ធជនពលី និងបានចុះពិនិត្យផ្ទាល់នូវអគារស្នាក់នៅដែលទើបសាងសង់រួច។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធានាថាគ្រួសារវីរជនទាំងនោះនឹងទទួលបានការរស់នៅប្រកបដោយមោទនភាព និងផាសុកភាពបំផុត ។

វិថី «សែព្យូល» គឺជាផ្នែកមួយនៃជំហានទី៤ ក្នុងគម្រោងសាងសង់លំនៅឋានខ្នាតធំចំនួន ៥ម៉ឺនខ្នង នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ វិថី «សែព្យូល» ឬ «ផ្កាយព្រឹក» នេះ គឺជាគំនិតផ្ដួចផ្ដើមផ្ទាល់របស់លោក គីម ជុងអ៊ុន ហើយទីតាំងនេះស្ថិតនៅក្បែរវិមានព្រះអាទិត្យ គុមស៊ូសាន (Kumsusan) ដែលជាទីកន្លែងតម្កល់សពអតីតមេដឹកនាំមុនៗ ។

វិថីថ្មីនេះ មានការរៀបចំយ៉ាងប្រណីត ដោយរួមបញ្ចូលនូវអគារខ្ពស់ៗកប់ពពក អគារស្នាក់នៅខ្ពស់ទាប និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗ។ ក្រៅពីលំនៅឋាន តំបន់នេះក៏គ្រោងនឹងសាងសង់វិមានអនុស្សាវរីយ៍សម្រាប់កងកម្លាំងប្រយុទ្ធក្រៅប្រទេស សារមន្ទីរសង្គ្រាម និងទីស្មសានសម្រាប់យុទ្ធជនពលីផងដែរ ។

លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា ការផ្ដល់ការឧបត្ថម្ភ និងការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពលី ត្រូវចាត់ទុកជាបញ្ហានយោបាយដ៏សំខាន់ដែលត្រូវអនុវត្តឱ្យបានហ្មត់ចត់។ លោកក៏បានដាស់តឿនឱ្យមន្ត្រីពាក់ព័ន្ធតាមដានជីវភាពរស់នៅរបស់ពួកគេជាប្រចាំ ដើម្បីបង្កលក្ខណៈងាយស្រួល និងកុំឱ្យមានការលំបាកណាមួយកើតឡើងក្នុងជីវភាពប្រចាំថ្ងៃឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ KCNA via Reuters/ North Korea Leadership Watch