ជារឿងដ៏កម្រ! ចិនផ្សាយផ្ទាល់សវនាការកាត់ទោសប្រហារជីវិតក្រុមឆបោកអនឡាញ តាមទូរទស្សន៍រដ្ឋ
ចិន៖ អាជ្ញាធរចិន បានសម្រេចផ្ដន្ទាទោសប្រហារជីវិតក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ពីបទឆបោកតាមទូរសព្ទ ចាប់ជំរិត ធ្វើទារុណកម្ម និងឃាតកម្ម។ សវនាការនេះ ត្រូវបានចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ដែលជារឿងដ៏កម្រមួយនៅប្រទេសចិន ក្នុងគោលបំណងបង្ហាញពីភាពតឹងរ៉ឹង និងការមិនយោគយល់ចំពោះបទល្មើសបច្ចេកវិទ្យាដែលកំពុងយាយីពលរដ្ឋខ្លួន ។
ក្នុងយុទ្ធនាការនេះ ចិនបានបង្ហាញពីល្បិចបោកប្រាស់ដ៏សាហាវហៅថា ភីចបាត់ឈ័ររីង (Pig Butchering) (ព្យាយាមសាងទំនុកចិត្ត និងវិនិយោគក្លែងក្លាយ) ដែលក្រុមឧក្រិដ្ឋជនប្រើរូបភាពស្រស់ស្អាតមកទាក់ទងបង្កើតទំនុកចិត្តជាមួយមនុស្សឯកោតាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីសាងទំនាក់ទំនងរាប់ខែ ពួកនោះក៏អូសទាញជនរងគ្រោះឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto) ឬគម្រោងក្លែងក្លាយផ្សេងៗ ហើយនៅពេលជនរងគ្រោះដាក់ប្រាក់អស់ពីខ្លួន ពួកគេនឹងផ្ដាច់ទំនាក់ទំនងបាត់ស្រមោលតែម្ដង ។
របាយការណ៍បានបង្ហាញថា មិនត្រឹមតែអ្នកបាត់បង់លុយទេដែលរងគ្រោះប៉ុណ្ណោះទេ សូម្បីតែអ្នកធ្វើការឆបោកខ្លះ ក៏ជាជនរងគ្រោះនៃការជួញដូរមនុស្សដែរ។ ពួកគេត្រូវគេបង្ខំឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ា ដែលមើលពីខាងក្រៅដូចជាសណ្ឋាគារ ឬកាស៊ីណូប្រណីត ប៉ុន្តែខាងក្នុងគឺជាកន្លែងធ្វើទារុណកម្មខ្លាំងក្លា ប្រសិនបើពួកគេមិនអាចបោកលុយបានតាមគោលដៅដែលក្រុមមេខ្លោងកំណត់ ។
ការចាក់ផ្សាយសវនាការនៃការសារភាពទោសកំហុសរបស់ទណ្ឌិតខាងលើនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជាតិរបស់មជ្ឈមណ្ឌលប្រឆាំងការឆបោក នៃក្រសួងសន្តិសុខសាធារណៈចិន។ ទោះបីជាមេខ្លោងល្បីៗមួយចំនួនត្រូវបានកម្ចាត់ និងទីតាំងឆបោកត្រូវបានបំផ្ទុះកម្ទេចចោលក៏ដោយ ក៏បណ្ដាញឧក្រិដ្ឋកម្មទាំងនេះនៅតែបន្តវិវត្តខ្លួនកាន់តែស្មុគស្មាញ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ RT