SpaceX បាញ់បង្ហោះផ្កាយរណប Starlink ចំនួន ២៩ គ្រឿងបន្ថែមទៀត ក្នុងបេសកកម្មលើកទី១០ ប្រចាំឆ្នាំ២០២៦
សហរដ្ឋអាម៉េរិក៖ រ៉ុក្កែតហ្វាល់ខុន៩ (Falcon 9) របស់ក្រុមហ៊ុនស្ប៉េសអ៊ិច (SpaceX) ត្រូវបានបាញ់បង្ហោះចេញពីស្ថានីយអវកាស ខេប ខេណាវើរ៉ល (Cape Canaveral) ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃចន្ទ វេលាម៉ោង ២:៥៩ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ដើម្បីបញ្ជូនផ្កាយរណបស្តារលីង (Starlink) មួយក្រុមថ្មីទៅកាន់គន្លងតារាវិថី ។
បេសកកម្មនេះ បានដាក់ពង្រាយផ្កាយរណបប្រភេទស្តារលីង វី២មីនី (Starlink V2 Mini) ចំនួន ២៩ គ្រឿងបន្ថែមទៀត ដើម្បីពង្រីកបណ្ដាញសេវាអ៊ីនធឺណិតជាសកល ដែលបច្ចុប្បន្នមានផ្កាយរណបជាង ៩,៦០០ គ្រឿង កំពុងដំណើរការនៅជុំវិញភពផែនដី ។
នេះគឺជាការបាញ់បង្ហោះលើកទី៥ ក្នុងខែនេះ និងជាលើកទី១០ សម្រាប់ដើមឆ្នាំ ២០២៦។ រ៉ុក្កែតហ្វាល់ខុន៩ (Falcon 9) គ្រឿងនេះ ធ្លាប់បានបំពេញបេសកកម្មសំខាន់ៗជាច្រើនរួចមកហើយ រួមមានបេសកកម្មដឹកជញ្ជូននាវិក ឃ្រូ១០ (Crew-10) និងបេសកកម្មផ្គត់ផ្គង់ស្ថានីយអវកាស CRS-33 ជាដើម ។
ការបាញ់បង្ហោះចុងក្រោយនេះ កើតឡើងត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី SpaceX ទើបតែបានបញ្ជូនផ្កាយរណប ២៤ គ្រឿងផ្សេងទៀតទៅកាន់ទីអវកាសកាលពីថ្ងៃសៅរ៍។ សកម្មភាពជាប់ៗគ្នានេះ បង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ក្នុងការរៀបចំបាញ់បង្ហោះរ៉ុក្កែតឱ្យបានយ៉ាងរហ័ស និងញឹកញាប់បំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ SpaceX via VIORY