កម្ពុជាបណ្ដេញជនបរទេសជាង ១០០០នាក់ បន្ថែមទៀត ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១.០៨៩ នាក់ (ស្រី ៥៧នាក់) មាន ១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់។
ការបណ្តេញចេញនេះបានធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាមបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបណ្តេញជនបរទេសចេញពីកម្ពុជាដ៏ច្រើននេះ ជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ៕