ព័ត៌មានជាតិ

ថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ភ្ញៀវទេសចរបានទៅកម្សាន្តច្រើននៅរមណីយដ្ឋាន ដូងទេ

image


កំពត៖ ភ្ញៀវទេសចរដែលភាគច្រើនជាជនជាតិខ្មែរសែស្រឡាយចិន បាននាំក្រុមគ្រួសារទៅលេងកម្សាន្តសប្បាយនៅរមណីយដ្ឋានដូងទេ នៅក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន។ ពួកគាត់បានបង្ហាញសេចក្តីរីករាយ និងពេញចិត្តចំពោះការរៀបចំតុបតែងលម្អសោភ័ណ្ឌភាព បរិស្ថានអនាម័យ សុវត្ថិភាព គុណភាពសេវា និងតម្លៃម្ហូបអាហារ។ ពួកគាត់ចូលចិត្តទៅសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត ដោយសារខេត្តមួយនេះមានកន្លែងកម្សាន្តច្រើន មានសុវត្តិភាព និងអនាម័យបរិស្ថានស្អាត។
ភ្ញៀវទេសចរដែលទៅលេងនៅរមណីយដ្ឋានដូងទេ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខេត្តកំពតមានភ្ញៀវទេសចរមកលេងច្រើនគ្រប់រដូវកាល ដោយសារខេត្តមានកន្លែងដើរលេងកម្សាន្តច្រើន ស្អាតៗ ហើយទាក់ទាញទេសចរ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបានស្អាតល្អ មានសុខសុវត្តិភាពភាព ពិសេសអនាម័យបរិស្ថានស្អាត។ ជាក់ស្តែងដូចនៅរមណីយដ្ឋានដូងទេ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញខ្លាំងជាងគេនៅតំបន់ដងព្រែក ទោះបីជាមកប៉ុន្មានដងក៏មិនធុញដែរ។
ចំពោះការគ្រប់គ្រង ការរៀបចំតុបតែងលម្អកន្លែងបានស្អាត សេវាផ្សេងៗល្អ អាចទទួលយកបាន ពិសេសអនុញ្ញាតឱ្យអ្នកដែលទៅលេងកម្សាន្តយកម្ហូបអាហាចូលទៀតផង។ ភ្ញៀវទេសចរបានបន្តថា ខេត្តកំពត ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍថ្មី ប្លែករហូត ដែលធ្វើឱ្យពួកគាត់ពេលចេញដំណើរកម្សាន្តម្តងៗនឹកឃើញមុនគេគឺខេត្តកំពត ព្រោះខេត្តសមិទ្ធផលទេសចរណ៍ប្លែក ទាក់ទាញ និងថ្មីជានិច្ច។​ មុនពេលចូលឆ្នាំខ្មែរខាងមុខខេត្តក៏មានកន្លែងដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត។
បុគ្គលិកនៅរមណីយដ្ឋានដូងទេ បានឱ្យដឹងថា ការរៀបចំទីតាំងគឺឱ្យត្រូវតាមបរិបទ ឬរដូវកាលបុណ្យទានជារឿងសំខាន់។ ក្រៅពីនោះ ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើនសន្តិសុខ សណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវដែលមកកម្សាន្ត ពិសេសអ្នកលេងកីឡាលើទឹក ដូចជា ជិះទូកកាយយ៉ាក់ ម៉ូតូទឹក លេងស្លាយ និងកុមារតូចៗងូតទឹកកម្សាន្តជាដើម ក៏កាន់តែសំខាន់ទៅទៀតសម្រាប់នៅដូងទេនេះ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃជនជាតិចិន ចំថ្ងៃធ្វើដែលការងារក៏ពិតមែន ប៉ុន្តែលំហូរភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅក្នុងខេត្តកំពតច្រើនលើសពីថ្ងៃចុងសប្តាហ៍ ពិសេសពលរដ្ឋខ្មែរសែស្រឡាយចិន។ ចំពោះស្ថានភាពទូទៅនៅតាមតំបន់រមណីដ្ឋាន និងទីកន្លែងកម្សាន្តនានាក្នុងខេត្ត គឺរក្សាបាននូវអនាម័យបរិស្ថានល្អ គុណភាព និងតម្លៃសេវាកម្មសមរម្យ មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕
អត្ថបទ៖ វង្ស សុធារម្យ