អ៊ីរ៉ង់ ធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនៅច្រកសមុទ្រ Hormuz ចំពេលស្ថានការណ៍ភូមិសាស្ត្រកំពុងតានតឹង
អ៊ីរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) កាលពីដើមសប្ដាហ៍នេះ បានបើកធ្វើសមយុទ្ធយោធាជើងទឹកយ៉ាងធំមួយឈ្មោះ «ការគ្រប់គ្រងវៃឆ្លាតលើច្រកសមុទ្រហ័រមូស (Smart Control of the Strait of Hormuz) ក្រោមការត្រួតពិនិត្យផ្ទាល់ពីមេបញ្ជាការជាន់ខ្ពស់។ សកម្មភាពនេះ រួមមានការចុះត្រួតពិនិត្យកងពលជើងទឹក, ពិភាក្សាជាមួយសមាជិកយោធា និងតាមដានស្ថានភាពពីលើឧទ្ធម្ភាគចក្រ ដើម្បីពង្រឹងស្មារតី និងត្រៀមលក្ខណៈប្រយុទ្ធ ។
គោលបំណងចម្បងនៃសមយុទ្ធនេះ គឺដើម្បីវាយតម្លៃសមត្ថភាពត្រៀមខ្លួនរបស់កងទ័ពជើងទឹក ពិនិត្យឡើងវិញនូវផែនការសន្តិសុខ និងយុទ្ធសាស្ត្រប្រយុទ្ធផ្សេងៗ។ អ៊ីរ៉ង់ ចង់ធានាថា កងកម្លាំងរបស់ខ្លួនអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងណាមួយដែលប៉ះពាល់ដល់សន្តិសុខដែនសមុទ្រ ជាពិសេសនៅក្នុងច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវទឹកដ៏មានសារៈសំខាន់បំផុតសម្រាប់ពាណិជ្ជកម្មពិភពលោក ។
ការបង្ហាញសាច់ដុំយោធានេះ កើតឡើងស្របពេលដែលភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងកើនឡើងកម្តៅខ្លាំង។ ជាងនេះទៅទៀត វាក៏ស្របពេលដែលមន្ត្រីជាន់ខ្ពស់នៃភាគីពាក់ព័ន្ធ ត្រៀមនឹងជួបពិភាក្សាគ្នាជុំទីពីរអំពីបញ្ហានុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវ នាថ្ងៃអង្គារ បន្ទាប់ពីធ្លាប់បានចរចាដោយប្រយោលកាលពីដើមខែនេះ នៅទីក្រុងមូស្កាត ។
ក្រៅពីការចរចា ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភដោយសារមានសេចក្តីរាយការណ៍ថា សហរដ្ឋអាម៉េរិកកំពុងបង្កើនកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់ ហើយអាចនឹងមានសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ដូច្នេះ សមយុទ្ធនេះត្រូវគេមើលឃើញថា ជាការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ដើម្បីការពារទីតាំងភូមិសាស្ត្រនយោបាយរបស់ខ្លួន និងទប់ទល់នឹងសកម្មភាពយោធាដែលអាចកើតមានឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [Sepahnews/ZUMAPRESS/picture alliance]/ IRGC Telegram/ [Press Office of Islamic Revolutionary Guard Corps / Handout/Anadolu via Getty Images]