កំណើននាំចេញសាច់គោរបស់ប្រេស៊ីលទៅកាន់ប្រទេសចិន មានការកើនឡើងខ្លាំង នាដើមឆ្នាំ ២០២៦
ប្រេស៊ីល៖ យោងតាមរបាយការណ៍ពីសមាគមឧស្សាហកម្មនាំចេញសាច់ប្រេស៊ីល (Abiec) បង្ហាញថា ការនាំចេញសាច់គោទៅកាន់ប្រទេសចិនក្នុងខែមករា ឆ្នាំ២០២៦ បានកើនឡើងរហូតដល់ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យប្រទេសចិន ក្លាយជាទីផ្សារធំជាងគេបំផុតសម្រាប់សាច់គោរបស់ប្រេស៊ីល ដោយគិតតែនៅក្នុងខែមករា ចិនបាននាំចូលសាច់គោប្រេស៊ីលប្រមាណជា ១២៣,០០០ តោន ដែលស្មើនឹងជិតពាក់កណ្តាល ពោលគឺ ៤៦.៦% នៃបរិមាណសាច់នាំចេញសរុបរបស់ប្រេស៊ីល ។
អ្នកជំនាញផ្នែកសាច់ បានរៀបរាប់ថា កំណើននេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រេស៊ីលតាំងពីឆ្នាំ ២០០៣-២០០៤ មកម្ល៉េះ ដើម្បីក្លាយជាមហាអំណាចនាំចេញសាច់គោឈានមុខគេលើពិភពលោក។ ប្រេស៊ីលបានវិនិយោគយ៉ាងខ្លាំងលើការកែលម្អពូជគោក្នុងស្រុក ដោយបង្កាត់ជាមួយពូជគោអង់គ្លេស ដើម្បីឱ្យសាច់គោមានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ ។
ក្រៅពីគុណភាពសាច់ កត្តាភូមិសាស្ត្រនយោបាយ និងចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន ក៏ជាមូលហេតុចម្បងដែលធ្វើឱ្យតម្រូវការសាច់គោប្រេស៊ីលហក់ឡើងខ្ពស់បែបនេះដែរ។ អ្នកជំនាញបានលើកឡើងថា ឱ្យតែមានការកើនឡើងនៃតម្រូវការប្រើប្រាស់បន្តិចបន្តួចពីសំណាក់ប្រជាជនចិន វានឹងក្លាយជាបរិមាណដ៏ច្រើនមហិមាសម្រាប់ទីផ្សារនាំចេញរបស់ប្រេស៊ីលភ្លាមៗ ។
សរុបមក ជោគជ័យនៃការនាំចេញនេះ បង្ហាញពីឥទ្ធិពលនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រេស៊ីលក្នុងការគ្រប់គ្រងទីផ្សារសាច់គោពិភពលោក។ បច្ចុប្បន្ន គេឃើញមានសកម្មភាពមមាញឹកនៅតាមហាងលក់សាច់នានាក្នុងប្រទេសប្រេស៊ីល ខណៈដែលផលិតកម្មកំពុងដើរយ៉ាងលឿនដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារអាស៊ីមួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY