កម្ពុជា-ចិន បន្តពង្រឹងទំនាក់ទំនង និងលើកកម្ពស់ទៅជាសហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មី
ភ្នំពេញ៖ កម្មវិធីរាត្រីសមោសរនៅសមាគមមិត្តភាពកម្ពុជា-ចិន កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងយុវជនប្រទេសទាំងពីរ និងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយពេលដែលពិធីបុណ្យចូលឆ្នាំចិនត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធី បុណ្យដែលមានអាយុកាលជិត ៤ពាន់ឆ្នាំនេះ កាន់តែមានវិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
កញ្ញា ចាង យានភីង (Zhang Yanping ) តំណាងវិទ្យុមិត្តកម្ពុជា-ចិន បានលើកឡើងថា រាត្រីសមោសរនេះ បានបញ្ជាក់លើសពីបរិយាកាសរីករាយ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ដោយភ្ញៀវចូលរួមទាំងអស់ បានប្តេជ្ញាចិត្តបន្តរួមដៃគ្នា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា- ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរជាយូរ អង្វែង។
លោក ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យវប្បធម៌ដ៏សំខាន់មួយរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញានៃមិត្តភាពជ្រាលជ្រៅ និងការតភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជនកម្ពុជា-ចិនទៀតផង។
លោកបន្តថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិន ត្រូវបានលើកកម្ពស់ទៅជាសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយកម្មវិធីនារាត្រី នេះបានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសយើងទាំងពីរ។
ពិតណាស់ដែលថា ពិធីនារាត្រីនេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការស្គាល់គ្នា និងការបង្កើតមិត្តភាពកាន់តែស៊ីជម្រៅរវាងសមាគមមិត្តភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិន។
អំឡុងកម្មវិធី នាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ដ៏អស្ចារ្យ អំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេក វិទ្យាក្នុងទម្រង់ 8K+ AI ព្រមទាំងបញ្ចេញ ឧត្តមភាពនៃការផ្សព្វផ្សាយជា៨៥ភាសា ក្រោមកិច្ចខិតខំរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលចាប់រាប់តាំង ពី១៩៨៣មក។
ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និងសកម្មភាពកម្សាន្ត ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មី របស់ចិន ជាច្រើនទៀតក្នុងបរិយាកាសយ៉ាងសប្បាយ រីករាយ៕
អត្ថបទ៖ វង សុភ័ក្ត្រ