ព័ត៌មានជាតិ

ភ្ញៀវទេសចរចិនម្នាក់ ត្រូវក្រុមជនសង្ស័យជានារីកែភេទនៅប៉ាតាយ៉ា ធ្វើសកម្មភាពវាយដំ និងប្លន់ប្រាក់ ២ម៉ឺនបាត

image



ថៃឡង់ដ៍៖ កាលពីទៀបភ្លឺថ្ងៃចន្ទ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីបង្កហិង្សា និងប្លន់យកប្រាក់អស់ជាង ២ម៉ឺនបាត ពីភ្ញៀវទេសចរចិនម្នាក់ នៅឯសណ្ឋាគារមួយកន្លែងក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ ជនរងគ្រោះឈ្មោះ ជាំង ជីលី (Jiang Zili) អាយុ ២៧ ឆ្នាំ ទទួលរងរបួស ហើយត្រូវក្រុមសង្គ្រោះបឋមជួយសង្គ្រោះ មុននឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា លោកបានបបួលជនសង្ស័យដែលជានារីកែភេទម្នាក់មកបន្ទប់ស្នាក់នៅរបស់ខ្លួន បន្ទាប់មកស្ត្រីជនសង្ស័យរូបនោះក៏បាននាំមិត្តភក្តិ ២ នាក់ទៀតមកជាមួយ។ ក្រោយមក ក៏មានជម្លោះពាក្យសម្តីគ្នាកើតឡើង រហូតដល់ក្រុមជនសង្ស័យទាំង ៣នាក់ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងបន្ទប់ ព្រមទាំងព្រួតគ្នាវាយដំជនរងគ្រោះ និងប្លន់យកប្រាក់សុទ្ធចំនួន ២០,០០០ បាត (ប្រហែល ៦០០ដុល្លារអាម៉េរិក) រួចក៏រត់គេចខ្លួនបាត់ស្រមោល ។

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះបានរត់ទាំងស្លន់ស្លោមកសុំជំនួយពីអ្នករត់ម៉ូតូឌុបម្នាក់ដែលនៅក្បែរនោះ ដើម្បីជួយទាក់ទងទៅសមត្ថកិច្ច។ អ្នករត់ម៉ូតូឌុប បានបញ្ជាក់ថា គាត់ពិតជាបានឃើញភ្ញៀវទេសចររូបនោះរត់មកទាំងភ័យខ្លាច និងប្រាប់ថាខ្លួនទើបតែត្រូវបានក្រុមស្ត្រីកែភេទ ៣នាក់ វាយប្រហារ និងប្លន់យកប្រាក់ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការពិនិត្យពិនិត្យមើលរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងសណ្ឋាគារ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យទាំង ៣នាក់ និងស្វែងរកការពិតនៃដំណើររឿង ដើម្បីឈានទៅដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English