ព័ត៌មានអន្តរជាតិ

ម្ហូបជាតិឡាវ ឡាប ត្រៀមចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)

image


ឡាវ៖ «ឡាប» (Larb) ដែលជាមុខម្ហូបជាតិឡាវ កំពុងស្ថិតក្នុងដំណើរការដាក់ស្នើចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ដែលសេចក្ដីសម្រេចផ្លូវការត្រូវគេរំពឹងថា នឹងប្រកាសនៅចុងឆ្នាំ២០២៦នេះ។ ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាសម្បត្តិវប្បធម៌ទី៤ របស់ឡាវ បន្ទាប់ពីភ្លេងឃែន (គែន) ការត្បាញក្បាច់នាគ និងរបាំឡាំវង់ (Fonelamvong Lao) ។
ក្នុងភាសាឡាវ «ឡាប» មានន័យថា «លាភសំណាង» និង «ទ្រព្យសម្បត្តិ»។ មុខម្ហូបនេះ មិនមែនគ្រាន់តែជាអាហារធម្មតាឡើយ ប៉ុន្តែគឺជាតំណាងនៃសិរីសួស្តី ដែលប្រជាជនឡាវតែងតែរៀបចំក្នុងឱកាសពិសេសៗ ដូចជា ពិធីមង្គលការ បុណ្យចូលឆ្នាំ និងការជួបជុំសហគមន៍ ដើម្បីបួងសួងសុំភាពរុងរឿង និងសេចក្ដីសុខសប្បាយ ។
ឡាប ធ្វើឡើងពីសាច់ចិញ្ច្រាំ (គោ ជ្រូក មាន់ ឬត្រី) ដែលអាចភ្លា ឬចម្អិន ដោយផ្សំគ្រឿងជាមួយទឹកក្រូចឆ្មារ ទឹកត្រី និងទឹកប្រហុក។ ចំណុចពិសេសដែលខ្វះមិនបានគឺ «អង្ករលីង» ដែលផ្ដល់ក្លិនឈ្ងុយ និងរសជាតិប្លែក បរិភោគជាមួយបាយដំណើប និងបន្លែស្រស់ៗតាមតំបន់ ។
នៅតាមតំបន់ជនបទ ការធ្វើ «ឡាប» ម្ដងៗគឺជាសញ្ញានៃព្រឹត្តិការណ៍ដ៏សំខាន់ ដែលញ៉ាំងឱ្យសាច់ញាតិ និងអ្នកជិតខាងមកជួបជុំគ្នាដោយជួយជម្រុញសាមគ្គីភាព។ កិច្ចខិតខំប្រឹងប្រែងដាក់ស្នើទៅកាន់អង្គការ UNESCO នេះ បានដឹកនាំដោយសមាគមស្ត្រីពាណិជ្ជកម្មឡាវ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ម្ហូបអាហារឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ ។
ក្រៅពីម្ហូបអាហារ ឡាវក៏បានដាក់ស្នើពិធី «ស៊ូខ្វាន់» (Su Khuan) (ហៅព្រលឹង) ឬពិធីបាស៊ី (Baci) (សូត្រមន្តសុំសិរីសួស្ដី) ទៅកាន់អង្គការយូណេស្កូ (UNESCO) ផងដែរ។ នេះគឺជាពិធីសូត្រមន្តចងដៃសុំសេចក្ដីសុខ ដែលមានជំនឿថាជួយហៅព្រលឹងទាំង ៣២ ឱ្យមកនៅជាមួយរូបកាយវិញ ដើម្បីស្ដារលំនឹងផ្លូវចិត្ត និងសុំសិរីសួស្តីក្នុងរបត់សំខាន់ៗនៃជីវិត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Laotian Times | រូបភាព៖ LinnaEats on Youtube Short/ The Laotian Times