ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជាតិនិយមបារាំងជួបជុំគ្នាតវ៉ានៅប៉ារីស ក្រោយសកម្មជនវ័យ ២៣ ឆ្នាំម្នាក់ ត្រូវគេវាយសម្លាប់

image



ប៉ារីស, បារាំង៖ ក្រុមអ្នកតវ៉ាយ៉ាងច្រើន បានប្រមូលផ្ដុំគ្នានៅកណ្ដាលទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារយុត្តិធម៌ឱ្យយុវជនម្នាក់ដែលត្រូវគេវាយសម្លាប់ ក្នុងអំឡុងចូលរួមការតវ៉ានៅទីក្រុងលីយ៉ុង (Lyon)។ ក្រុមអ្នកតវ៉ាបានចោទប្រកាន់ថា ក្រុមឆ្វេងនិយមជ្រុល គឺជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ ។

នៅក្នុងការតវ៉ានោះ គេឃើញមានមេដឹកនាំនយោបាយល្បីៗចូលរួមដែរ ដូចជាលោក អេរ៉ិច ហ្ស៊ែមម័រ (Eric Zemmour) និងលោកស្រី ម៉ារៀន ម៉ារ៉េឆាល់ (Marion Marechal)។ លោក ហ្សេមម័រ (Zemmour) និយាយថា នេះមិនមែនជាអំពើហិង្សាទូទៅក្នុងសង្គមទេ ប៉ុន្តែវាគឺជាអំពើហិង្សារបស់ពួកឆ្វេងនិយមដែលតែងតែប្រើការវាយប្រហារ និងការសម្លាប់ជាមធ្យោបាយ។ ចំណែកលោកស្រី ម៉ារ៉េឆាល់ (Marechal) បានហៅហេតុការណ៍នេះថាជា «ការសម្លាប់ព្រោះរឿងនយោបាយ» ហើយបានទម្លាក់កំហុសលើមេដឹកនាំបក្សប្រឆាំងផ្សេងទៀតថាជាអ្នកលើកទឹកចិត្តឱ្យមានអំពើហិង្សាបែបនេះ ។

ជនរងគ្រោះមានឈ្មោះថា ឃ្វែនទីន ដេរ៉ង់ (Quentin Deranque) អាយុ ២៣ ឆ្នាំ បានស្លាប់ដោយសារតែត្រូវរបួសធ្ងន់ បន្ទាប់ពីត្រូវគេព្រួតវាយខណៈកំពុងដួលនៅលើដី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ មកទល់ពេលនេះ អាជ្ញាធរបារាំងកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនទាន់មានការសន្និដ្ឋានផ្លូវការថាអ្នកណាខ្លះត្រូវទទួលខុសត្រូវច្បាស់លាស់នៅឡើយទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY