ព័ត៌មានអន្តរជាតិ

ក្រុមគ្រូពេទ្យរាប់ពាន់នាក់ក្នុងទីក្រុងម៉ាឌ្រីដ ចេញតវ៉ារឿងសម្ពាធការងារ មុនការតវ៉ាចាប់ផ្ដើមទូទាំងប្រទេសអេស្ប៉ាញ

image



អេស្ប៉ាញ៖ កាលពីចុងសប្ដាហ៍កន្លងទៅ មន្ត្រីសុខាភិបាលរាប់ពាន់នាក់បានដង្ហែក្បួននៅឯទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារឱ្យមានច្បាប់លក្ខន្តិកៈការងារដាច់ដោយឡែកសម្រាប់វិស័យសុខាភិបាល ដោយពួកគេព្រមានពីអស្ថិរភាព ការកកស្ទះអ្នកជំងឺនៅតាមមន្ទីរពេទ្យ និងប្រាក់បៀវត្សរ៍ដែលមិនសមដែលសមាមាត្រនឹងកម្លាំងពលកម្ម ។

នៅក្នុងបាតុកម្មនោះ គេឃើញមានការលើកផ្ទាំងបដាដែលមានខ្លឹមសារដូចជា «សុំច្បាប់ការងារដាច់ដោយឡែក», «គ្រូពេទ្យជាអ្នកកំណត់វាសនាគ្រូពេទ្យ» និង «ពួកគេគឺជាគ្រូពេទ្យ មិនមែនជាទាសករទេ»។ អ្នកតវ៉ាមួយចំនួនថែមទាំងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លាលែងពីតំណែងទៀតផង ។

ក្រុមគ្រូពេទ្យ បានលើកឡើងថា បច្ចុប្បន្នពួកគេកំពុងត្រូវគេធ្វើបាបតាមរយៈប្រព័ន្ធការងារ។ ខណៈកម្មករទូទៅធ្វើការត្រឹមតែ ៣៧.៥ ម៉ោងក្នុងមួយសប្តាហ៍ ប៉ុន្តែក្រុមគ្រូពេទ្យត្រូវបង្ខំឱ្យធ្វើការរហូតដល់ ៧០, ៨០ ឬ ៩០ ម៉ោងក្នុងមួយសប្តាហ៍ក៏មាន ដែលវាមិនយុត្តិធម៌ទាល់តែសោះ។ ពួកគេយល់ថា បើគ្មានគ្រូពេទ្យដែលមានសុខភាព និងស្មារតីល្អទេ នោះក៏គ្មានសេវាថែទាំសុខភាពល្អសម្រាប់ប្រជាជនដែរ ។

បាតុកម្មនេះ គឺជាការចាប់ផ្ដើម មុនពេលដែលគ្រូពេទ្យទូទាំងប្រទេសគ្រោងនឹងឈប់ធ្វើការ (ដើម្បីធ្វើកូដកម្ម) ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈនេះតទៅ។ ក្រុមអ្នកតវ៉ា ក៏បានចោទប្រកាន់រដ្ឋាភិបាលដែរថា កំពុងព្យាយាមបង្អាក់គុណភាពសេវាពេទ្យរដ្ឋ ដើម្បីបង្ខំឱ្យប្រជាជនទៅប្រើសេវាពេទ្យឯកជនដែលត្រូវចំណាយលុយច្រើនជាង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Euro Weekly News