វៀតណាមនាំមុខគេលើតម្រូវការសាច់ជ្រូក ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់លេខ៤ នៅលើពិភពលោក
វៀតណាម៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ឱ្យដឹងថា វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក និងលេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើការបរិភោគសាច់ជ្រូក ដោយមនុស្សម្នាក់មានតម្រូវការសាច់ជ្រូកជាមធ្យមជិត ៣៩ គីឡូក្រាម ក្នុងឆ្នាំ ២០២៥។
កម្រិតនៃតម្រូវការដ៏ខ្ពស់នេះបង្ហាញថា សាច់ជ្រូកនៅតែជាអាហារចម្បងក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម ហើយវាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) របស់ប្រទេសនេះ ។
ទិន្នន័យបានបង្ហាញថា តម្រូវការសាច់ជ្រូកក្នុងស្រុកមានកំណើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០២១ មនុស្សម្នាក់មានតម្រូវការសាច់ជ្រូកប្រហែល ៣០ គីឡូក្រាម, ឆ្នាំ ២០២៤ កើនដល់ប្រហែល ៣៧ គីឡូក្រាម និងក្នុងឆ្នាំ ២០២៥ នេះ កើនឡើងដល់ប្រហែល ៣៩ គីឡូក្រាម ។
បច្ចុប្បន្ន សាច់ជ្រូកមានចំណែកលើសពី ៦៣% នៃផលិតផលសត្វចិញ្ចឹមសរុបដែលប្រជាជនកំពុងមានតម្រូវការ។ ហេតុនេះហើយ ទើបវាមានឥទ្ធិពលយ៉ាងសំខាន់លើស្ថិរភាពទីផ្សារអាហារ និងសន្ទស្សន៍ CPI។
នៅពេលជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម តម្រូវការសាច់ជ្រូកតែងតែកើនឡើងប្រហែល ១០–១៥%។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា កាលពីឆ្នាំមុន វិស័យចិញ្ចឹមសត្វផលិតសាច់បានសរុប ៨.៦ លានតោន ក្នុងនោះមានសាច់ជ្រូក ៥.៤ លានតោន ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងអំឡុងពិធីបុណ្យជាតិនេះ ។
លោក ផាម គីមដាង (Pham Kim Dang) អនុប្រធាននាយកដ្ឋានចិញ្ចឹមសត្វ និងបសុព្យាបាល បានលើកឡើងថា តម្រូវការសាច់ជ្រូកមានកម្រិតខ្ពស់ខ្លាំង ខណៈដែលមុននេះមានក្ដីព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ ដោយសារតែគ្រោះធម្មជាតិ និងការផ្ទុះជំងឺលើសត្វពាហនៈកាលពីឆ្នាំមុន ។
ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ចំនួនជ្រូកសរុបនៅប្រទេសវៀតណាមមានប្រហែល ៣១.៤ លានក្បាល ដែលចំនួននេះគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ។
«តម្លៃជ្រូករស់» នៅលើទីផ្សារបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៧១,០០០–៧៤,០០០ ដុង ក្នុងមួយគីឡូក្រាម (ប្រហែល ២.៧៣–២.៨៥ ដុល្លារអាម៉េរិក)។ ទោះបីជាតម្លៃនេះបានធ្លាក់ចុះទាបជាងខែមុនបន្តិចក៏ដោយ ក៏អ្នកជំនាញយល់ថាវានៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ កាលពីខែមករា តម្លៃបានហក់ឡើងរហូតដល់ ៨១,០០០ ដុង ក្នុងមួយគីឡូក្រាម ដែលជាកម្រិតខ្ពស់មិនធម្មតា ។
លោក ង្វៀន ស៊ាន់ឌឿង (Nguyen Xuan Duong) ប្រធានសមាគមចិញ្ចឹមសត្វវៀតណាម បានបញ្ជាក់ថា តម្លៃសាច់ជ្រូកបានរងផលប៉ះពាល់ដោយការជួញដូរប្រមូលស្តុកទុកដើម្បីកេងចំណេញតម្លៃ និងចិត្តសាស្ត្ររបស់អាជីវករតូចតាចដែលឡើងថ្លៃទំនិញតាមគ្នា ខណៈដែលសាច់ជ្រូកជាទំនិញចាំបាច់ក្នុងជីវភាពរស់នៅ ប្រសិនបើតម្លៃហក់ឡើងខ្ពស់ពេក វានឹងប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាជន និងសន្ទស្សន៍ CPI របស់ប្រទេសទាំងមូល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express International | រូបភាព៖ [VnExpress/Quynh Tran]/ VNA/ cafef.vn