ពលរដ្ឋស្រុកឈូក ខេត្តកំពត ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង
កំពត៖ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យជាដៃគូរនៅប្រទេសបារាំង (AMH) រួមនឹងសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានរៀបចំកម្មវិធីចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃជូនដល់ពលរដ្ឋស្រុកឈូក រយៈពេល ២ថ្ងៃ ក្នុងបរិវេណវត្តពោធិសត្ថារាម ហៅវត្តដីក្រហម ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាព លោក យ៉ា សាដេត ទីប្រឹក្សាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក យ៉ា សាដេត បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត តែងតែចុះសាកសួរសុខទុក្ខ ក៏ដូចជាពិនិត្យដល់គ្រប់មូលដ្ឋានខ្នងផ្ទះរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដោយមិនទុកឱ្យជួបការលំបាកដោយគ្មានការគិតគូរនោះទេ។
លោក យ៉ា សាដេត បានបន្តថា កម្មវិធីចុះពិនិត្យព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនដល់ពលរដ្ឋស្រុកឈូក ដែលមានរយៈពេល ២ថ្ងៃ ត្រូវបានរៀបចំឡើងបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង តែងតែចុះមកព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំក្នុងខេត្តចំនួន៣ រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។
ក្នុងឱកាសនោះដែរ លោក សៅ មឿន អភិបាលស្រុកឈូក បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីប្រទេសបារាំង ពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកឈូកដោយមិនគិតថ្លៃ ដែលនេះជាការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋានពីសំណាក់ថ្នាក់ដឹកនាំ៕
អត្ថបទ៖ វង្ស សុធារម្យ