មីយ៉ាន់ម៉ា និងចិន រៀបចំពិធីបុណ្យចូលឆ្នាំចិនយ៉ាងអធិកអធមក្នុងក្រុងយ៉ាងហ្គោន ដើម្បីបង្ហាញពីមិត្តភាពបងប្អូន
មីយ៉ាន់ម៉ា៖ ពិធីបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ បានចាប់ផ្តើមយ៉ាងអធិកអធមនៅក្នុងទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីបង្ហាញពីចំណងមិត្តភាពដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងចិន និងមីយ៉ាន់ម៉ា។ នៅក្នុងពិធីនោះ មានការសម្តែងម៉ុងសាយ និងរបាំនាគយ៉ាងស្រស់ស្អាត រួមជាមួយវត្តមានរបស់គណៈសង្ឃដឹកនាំសមាគមពុទ្ធសាសនិកចិន-មីយ៉ាន់ម៉ា ដែលបាននិមន្តមកសូត្រធម៌ប្រសិទ្ធពរជ័យក្នុងឱកាសឆ្នាំថ្មីនេះ ។
មេដឹកនាំជាន់ខ្ពស់ទី២ របស់យោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ សូ វីន (Soe Win) និងភរិយា រួមជាមួយឯកអគ្គរដ្ឋទូតចិន លោកស្រី ម៉ា ជៀ (Ma Jia) បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍នោះ។ លោក សូ វីន (Soe Win) និយាយថា មីយ៉ាន់ម៉ាតែងតែគាំទ្រគោលនយោបាយ «ចិនតែមួយ» ហើយប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយផ្អែកលើទំនុកចិត្ត និងមិត្តភាពដូចបងប្អូនបង្កើត ។
ក្នុងឱកាសនោះដែរ លោក សូ វីន (Soe Win) បានសន្យាថា រដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅដើមខែមេសា យោងតាមលទ្ធផលនៃការបោះឆ្នោតសកលកាលពីខែមករាកន្លងទៅ គណបក្ស USDP (ដែលគាំទ្រដោយយោធា) បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតនោះ ។
ទោះជាយ៉ាងណា អង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, អាស៊ាន និងចក្រភពអង់គ្លេស បានថ្កោលទោស និងមិនទទួលស្គាល់ការបោះឆ្នោតនេះឡើយ ជុំវិញការធ្វើរដ្ឋប្រហារនៅឆ្នាំ ២០២១, ជម្លោះក្នុងស្រុក, ការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសេរីភាពនយោបាយ។ ផ្ទុយទៅវិញ ប្រទេសចិន រុស្ស៊ី ឥណ្ឌា និងប្រទេសមួយចំនួនទៀត បានគាំទ្រដំណើរការនេះ ហើយថែមទាំងបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ presoffministry.gov.mm