ករណីចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប សមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ
សៀមរាប៖ មានករណីបុរសម្នាក់បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ កាលពីវេលាម៉ោងប្រមាណ ១៤:៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ករណីនេះបានកើតឡើងនៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។ ភ្លាមៗក្រោយកើតហេតុ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរសព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប និងកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ទូរសព្ទ១គ្រឿង ញញួរ១ដើម កាំបិតតាំងតោ១ដើម លោហធាតុពណ៌លឿងចំនួន ៣ខ្សែ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដតាមនីតិវិធី ព្រមទាំងបានប្រគល់ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំត្រូវបានធ្វើតេស្ត៍ទឹកមូត រកឃើញមានសារធាតុញៀន និងបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់៕