ហាងមាសនៅខុនកែន ប្រទេសថៃ ត្រូវចោរប្លន់មាសជាង ១០តម្លឹងទាំងកណ្ដាលថ្ងៃ រួចចោររត់គេចខ្លួនបាត់ស្រមោល
ខុនកែន, ថៃឡង់ដ៍៖ នៅម៉ោងប្រមាណជា ២:០៧ នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីចោរប្លន់នៅហាងមាសមួយកន្លែង ស្ថិតនៅត្រង់ចំណុចស្ដុបបានធុំ (Ban Thum) ក្នុងក្រុងខុនកែន ប្រទេសថៃ ។
តាមការពិនិត្យកាមេរ៉ាសុវត្ថិភាព គេឃើញបុរសជនសង្ស័យម្នាក់ជិះម៉ូតូមកម្នាក់ឯង ដោយមានស្លៀកពាក់អាវធំដៃវែងពណ៌ខ្មៅ ខោខូវប៊យ និងពាក់មួកសុវត្ថិភាពបិទមុខជិត។ ចោររូបនោះបានកាន់វត្ថុម្យ៉ាងរុំក្រណាត់ខ្មៅ (ស្មានថាជាអាវុធ) ចូលទៅគំរាមបុគ្គលិកស្រី ៣នាក់ឱ្យក្រាបចុះ រួចក៏ចូលទៅធ្វើសកម្មភាពប្លន់តែម្ដង។ ក្នុងនោះ ចោរបានយកដែកទីបវាយកញ្ចក់ទូ រួចក៏ប្រើប្រាស់ទីបនោះដោយទាញយកមាសដែលព្យួរនៅលើជញ្ជាំងបានសរុប ២៦ បាត (ខ្នាតមាសថៃ) ឬប្រហែល ១០តម្លឹង ៥ជី ៦ហ៊ុន ដោយមានតម្លៃប្រមាណជា ២លានបាត (ខ្ទង់ ៦ម៉ឺនដុល្លារអាម៉េរិក) ។
ក្រោយធ្វើសកម្មភាពប្លន់យកមាសរួច ចោរបានរត់ទៅឡើងជិះម៉ូតូគ្មានស្លាកលេខដែលចតទុកក្នុងច្រកផ្លូវតូចក្បែរនោះ រួចបើកចេញទៅដោយគេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកហាងមិនបានប្រុងប្រយ័ត្នទេ ព្រោះស្មានតែជាអ្នកដឹកជញ្ជូនអីវ៉ាន់ ទើបឱ្យចូលក្នុងហាងធម្មតា។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងដេញតាមចាប់ខ្លួនចោររូបនេះតាមរយៈខ្សែវីដេអូសុវត្ថិភាពនៅតាមដងផ្លូវ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ FM91 Trafficpro | រូបភាព៖ Shotscreen from a TNAMCOT's video/ FM91 Trafficpro.