ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាព

image


សៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទៅស្រុកជីក្រែង ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន។


ក្នុងពេលសំណេះសំណាលជាមួយវីរកងទ័ព និងក្រុមគ្រួសារ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយក្តីអាណិតអាសូរ និងការអរគុណចំពោះវីរភាពដ៏អង់អាចក្លាហាន។


ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយជាគ្រែពេទ្យសម្រាប់សម្រាកជូនដល់វីរកងទ័ព ថវិកា សម្ភារប្រើប្រាស់ ស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។


គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ​​ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។


បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕