ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងមិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយមប៉ុណ្ណោះទេ តែក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត

image


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើង ក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត ផងដែរ។ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ផ្លូវថ្មើរជើង បានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦​ថែមទៀតផង។
លោក ឃួង ស្រេង បានធ្វើឡើងដូចនេះ ក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមវត្តមានឯ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមព កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស តេជោយ៉ត តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


លោក ឃួង ស្រេង ថ្លែងទៀតថា ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេ និងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦ ផងដែរ។


ក្នុងឱកាសនោះ កែវ រតនៈ បានថ្លែងថា ត្រឹមរយៈពេល​១០ឆ្នាំចុងក្រោយនេះ ចំណូលចូលតាមរយៈវិស័យរ៉ែ ទៅក្នុងថវិកាជាតិ រាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះឆ្នាំ២០២៥ ទទួលបានជាង ១៣៥លានដុល្លារ បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ ១៣លានដុល្លារតែប៉ុណ្ណោះ។ លោកលើកឡើងថា ពិពរណ៌ផលិតផលរ៉ែ ឆ្នាំ២០២៦ ត្រូវបានរៀបជំជាលើកទី១ ក្នុងន័យជំរុញឃឿនសេដ្ឋកិច្ច តាមការចង្អុលទិស ក៏ដូចជាក្នុងផែនការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ដែលផ្តោតការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាអទិភាពខ្ពស់។


លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យរ៉ែ កំពុងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈវិស័យធនធានរ៉ែ ទទួលចំណូលជិត ៣ពាន់លានដុល្លារ និងចូលរួមបង្កើតការងារ ១ម៉ឺនកន្លែង​ដោយផ្ទាល់ ពោលគឺមានដល់៩៥% ដែលជាពលកម្មក្នុងស្រុករបស់កម្ពុជា ខណៈអ្នកជំនាញបរទេស មានប្រមាណ៥% តែប៉ុណ្ណោះ។កម្ពុជាមានក្រុមហ៊ុនផលិត ស៊ីម៉ង់ត៌ចំនួន៦ក្រុមហ៊ុន ដោយបានផ្គត់ផ្គង់ក្នុងស្រុកបាន១០០% និងបាននាំចេញទៅក្រៅប្រទេសផងដែរ។


លោករដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងទៀតថា ត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលចូលក្នុងវិស័យរ៉ែ ចូលទៅក្នុងថវិកាជាតិ មានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះ ឆ្នាំ២០២៥ គ្រាន់តែគិតពីចំណូលសួយសារ៉ែ នេះមិនទាន់គិតចំណូលពន្ធដា ចំណូលពន្ធគយ និងអាករផ្សេងៗ ថវិកាទទួលបានជាង ១៣៥លានដុល្លារ បើធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ១៣លានដុល្លារតែប៉ុណ្ណោះ។
លោកថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការសម្រួលបែបបទ ដើម្បីឱ្យវិស័យរ៉ែមានការរីកចម្រើន៕