រដ្ឋលេខាធិការសុខាភិបាល ណែនាំដល់មន្ត្រីសុខាភិបាល បន្តពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យ ឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ
ភ្នំពេញ៖ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បានណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យបន្តពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ជំរុញការប្រើប្រាស់ឧបករណ៍សម្គាល់អ៊ុលត្រាសោនកម្រិតខ្ពស់ និងការពិនិត្យ Doppler ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ ខណៈការថែទាំសុខភាពមុនសម្រាលបានល្អ អាចកាត់បន្ថយអត្រាមរណភាពមាតា និងទារកបាន។
លោកស្រីសាស្ត្រាចារ្យ បានផ្តល់យោបល់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីពិធីបើកសន្និសីទសមាគម គ្រូពេទ្យទារក។
សន្និសីទនេះ មានគោលបំណងផ្តល់នូវចំណេះដឹងថ្មីបន្ថែមដល់មន្រ្តីសុខាភិបាល ព្រមទាំងស្ថាប័នឯកជន ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ពីការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល រួមមានការស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីពីកំណើតតាមរយៈអេកូសាស្រ្ត ការត្រៀមរៀបចំសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល កត្តាកំណត់ និងផលវិបាកនៃការសម្រាលដោយវះកាត់ ការសង្គ្រោះព្យាបាលទារកកើតមិនគ្រប់ខែ ការព្យាបាលថែទាំការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ និង មានបទបង្ហាញពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើនទៀតរបស់សមាគមផ្ទាល់។
លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ក៏បានជូនជាយោបល់ដល់ ថ្នាក់ដឹកនាំ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្ត ឱ្យគ្រប់គ្រងការសម្រាល និងការថែទាំក្រោយសម្រាលប្រកបដោយស្តង់ដាដោយត្រូវពង្រឹងការអនុវត្តពិធីការគ្រប់គ្រងក្រោយសម្រាលភ្លាមៗ រួមមាន ការរក្សាកម្ដៅទារក ការសង្គ្រោះទារកក្រោយសម្រាល ការគ្រប់គ្រងជាតិស្ករ និងការសង្គ្រោះទារកក្រោយសម្រាល ។
ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងការយល់ដឹងជាសាធារណៈនៃសារៈសំខាន់នៃ ១០០០ ថ្ងៃដំបូងដោយត្រូវផ្សព្វផ្សាយ និងអប់រំអំពីសារៈសំខាន់នៃអាហារូបត្ថម្ភដល់មាតា និងទារកដើម្បីធានាបាននូវការចាប់ផ្តើមដ៏ល្អបំផុត និងបង្កើនកិច្ចសហការ និងការបណ្តុះបណ្តាលបន្ត ការធ្វើបច្ចុប្បន្នភាពចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុងមូលដ្ឋានសុខាភិបាលរៀងៗខ្លួន ។
លោកស្រីរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមានការកសាងប្រព័ន្ធសិក្សា និងកែលម្អជាបន្តបន្ទាប់ តាមរយៈប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response) ដែលជាប្រព័ន្ធសិក្សា និងឆ្លើយតបដ៏មានប្រសិទ្ធភាព៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី