រដ្ឋមន្ត្រីក្រសួងរ៉ែ នាំយកថវិកា ១០ម៉ឺនដុល្លារ ចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសារទរទិវានៃសេចក្តីស្រលាញ់ និងដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់កុមារ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនាំយកថវិកាសប្បុរសធម៌ប្រចាំឆ្នាំចំនួនប្រមាណ ១០ម៉ឺនដុល្លារ ដែលទទួលពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរ៉ែ និងថាមពល និងពីអគ្គិសនីកម្ពុជា ចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង។
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការផ្សព្វផ្សាយចលនាកៀរគរការបរិច្ចាគថវិកាសប្បុរសធម៌របស់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, បុគ្គលិក, អ្នកដែលមានទឹកចិត្តសប្បុរស និងមានបំណងរួមគ្នានាំភាពញញឹមដល់ទារក និងកុមារ។
ចាប់តាំងការបង្កើត និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨, មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតគណៈកម្មការទ្រទ្រង់ចំនួនជាង១០០ នៅតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាព របស់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕