លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងពិធីបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើម្បីចែករំលែករឿងរ៉ាវប្រវត្តិសាស្រ្ត ដល់មន្រ្តីបក្សបន្តវេន
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈចលនា មហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស លោក កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ៧ មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា។
បាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្រ្តដល់មន្រ្តីគណបក្សបន្តវេន ដោយវាគ្មិនកិត្តិយសដែលជាសាក្សីរស់ និងជាផ្នែកមួយនៃដំណើរស្វែងរកសន្តិភាព ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ។
តាមរយៈបទបង្ហាញផ្អែកលើបទពិសោធពិតពីតួអង្គដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បាឋកថានេះ បានផ្ដល់ការយល់ដឹងជ្រាលជ្រៅអំពីចក្ខុវិស័យវែងឆ្ងាយ និងការសម្រេចចិត្តដ៏ក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសអាវុធ ដើម្បីសម្រេចបាននូវការរួបរួម និងការឯកភាពជាតិពេញលេញ។
វេទិកានេះ បានរំលឹកពីគុណតម្លៃនៃថ្ងៃ ៧ មករា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនៅកម្ពុជា និងជាមរតកផ្នែកស្មារតី សម្រាប់ការលើកកម្ពស់កតញ្ញុតា មោទនភាព និងភក្តីភាព ចំពោះជាតិ និងប្រជាជន។
លើសពីនេះ ការរៀបចំបាឋកថាដ៏មានសារៈសំខាន់នេះ គឺជាការចងក្រង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជាភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងឥស្សរជនកម្ពុជាជំនាន់មុន៕
អត្ថបទ៖ វង សុភ័ក្ត្រ